ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់(គណៈកម្មការទី៩) ព្រឹទ្ធសភា ដឹកនាំដោយ លោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីស្វែងយល់ពីសមិទ្ធផលសំខាន់ៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ជំនួបនេះ មានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។
ជំនួបនាឱកាសនេះ ធ្វើឡើងដើម្បីឱ្យថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូននូវព័ត៌មានសំខាន់ៗមួយចំនួន រួមមានៈ ១)លទ្ធផលនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ២)សមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៤ ៣)ផែនការសកម្មភាព ដែលជាអាទិភាពរបស់ក្រសួង ក្នុងឆ្នាំ២០២៥។
ដោយគោរពយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ រួមមាន ១)ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ដែលក្នុងនោះក្រសួងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល។
ក្នុងនោះដែរ ដើម្បីគាំទ្រដល់ចក្ខុវិស័យដែលបានដាក់ចេញ ក្រសួងក៏មានយន្តការគន្លឹះសំដៅពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ក្នុងការលើកកម្ពស់គុណភាពការងារប្រកប ដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព រួមមានៈ ១)ការងារកំណែទម្រង់អភិបាលកិច្ចផ្ទៃក្នុង និងលើកកម្ពស់សមត្ថភាព ២)ការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣)ការងាររៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងបទដ្ឋានបច្ចេកទេស និង ៤)ការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យា។
បន្ថែមពីនេះ ក្រសួងក៏មានទិសដៅអនុវត្តបន្ត ដោយគោរពទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ដោយ៖តារា