ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់មួយ ក្រោយធ្លាយព័ត៌មានថាមាន Logo មួយចំនួនបានបិទលើឡានដឹកទំនិញ និងឡានដឹកដីជាដើម ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។
ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនេះ បានកើតមានឡើងក្រោយ មានព័ត៌មានមួយចំនួន ត្រូវបានទម្លាយថា សម្រាប់ឡានដឹកទំនិញ ឡានដឹកដី និងឡានដឹកខ្សាច់ជាដើម ម្ចាស់ឡានស្វែងរកស្លាក Logo មកបិទលើឡានរបស់ខ្លួននោះ មានភាពងាយស្រួលចេញចូលក្រុង ហើយតាមគោលដៅចរាចរណ៍ដែលកម្លាំងនគរបាលឈរជើង មានភាពងាយស្រួល ពោលគ្រាន់តែឃើញស្លាក Logo ទាំងនេះ គឺមិនសូវជាចាប់អារម្មណ៍ និងមិនចាប់ផាកពិន័យនោះឡើយ បើទោះពីរកឃើញពេលខ្លះបានល្មើសចរាចរណ៍ក៏ដោយ។
តាមសេចក្តីរាយការណ៍ដែលភ្នាក់ងារសារព័ត៌មានធ្លាប់ទទួលបានជាបន្តបន្ទាប់ បានឲ្យដឹងថា Logo ខ្លះដូចជា «NC» និង «R» ។ល។ គ្រាន់តែបិតនៅលើឡានដឹកទំនិញ និងឡានដឹកដី ត្រូវបង់មួយខែប្រមាណ៣០ដុល្លារ ហើយឡានដែលមានបិទ Logo នេះមិនតិចនោះឡើយ ពោលរាប់រយឡានឬពាន់គ្រឿងឯណោះ។
តាមសេចក្តីរាយការណ៍ មាន Logo ផ្សេងទៀតដូចជាអក្សរ «C» ក៏មានការបង់ប្រចាំខែដែរ ដើម្បីងាយស្រួលបើកបរនៅក្នុងក្រុង។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «ខ្ញុំបានឲ្យកម្លាំងនគរបាលខាងបុគ្គលិកធ្វើការស្រាវជ្រាវបន្ទាន់»។
មជ្ឈដ្ឋានមួយចំនួន ដែលបានដឹងរឿងរ៉ាវទាំងនេះ បានលើកឡើងថា តាមពិត Logo បិទលើឡាននេះមានយូរណាស់មកហើយ ដែលអាចផ្តល់សិទ្ធិអាទិភាពសម្រាប់ការដឹកទំនិញផ្សេងៗ ចូលក្រុងទោះម៉ោងហាមឃាត់ក៏ដោយ ដែលផ្តល់ភាពងាយស្រួលដល់អ្នករកស៊ីដឹកទំនិញ ពោលគ្រាន់តែបង់លុយប្រចាំខែជូនអ្នងម៉ៅស្លាក Logo នេះ រួចជាការស្រេច។ សង្ឃឹមថា ថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងធ្វើការស្រាវជ្រាវករណីនេះ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យ ទាំងនេះ ដែលបានកើតឡើងយូរឆ្នាំមកហើយ។
សូមបញ្ជាក់ថា , បញ្ហាទាំងអស់នេះ ពិតជាបានកើតមានកន្លងទៅ និងបន្តកើតមាន រហូតដល់មានរថយន្តដឹកទំនិញ រថយន្តស្ទូច ជាលក្ខណៈគ្រួសារ តែងមានចម្ងល់ថា ! តើគេទៅរកទិញ ផ្លាកបិទរថយន្ត ដែលមិនឱ្យសមត្ថកិច្ចតាមដងផ្លូវឃាត់បាន រកនៅកន្លែងណាមានទៅ ? ពីព្រោះពួកគាត់ ច្រើនប្រឈមក្នុងការឃាត់ ពីសមត្ថកិច្ចតាមដងផ្លូវ សួររកឯកសារពាក់ព័ន្ធនឹងរថយន្ត បង្កក៏ផលលំបាក ទោះជាមានឯកសារគ្រប់គ្រាន់ក៏ដោយ ។ ដោយឡែកចំពោះរថយន្តដែលមានផ្លាកសញ្ញា ដែលគេសង្ស័យថា ដាក់ខែណាមួយជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកបរចូលក្រុងទាំងយប់ទាំងថ្ងៃក្នុងការដឹកទំនិញ ព្រមទាំងប្រើប្រាស់ផ្លាកលេខឡាន ដែលមានភាពមិនប្រក្រតី ឬមិនពាក់ស្លាកលេខ ក្នុងនោះបូករួមទាំងរថយន្តដឹកថ្ម ខ្សាច់ ដី ស្ទើរតែអត់ពាក់ស្លាកលេខ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចប៉ះពាល់ ។ បច្ចុប្បន្ននេះ ! លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាជាបន្ទាន់ ឱ្យសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញតើមានបញ្ហាដូចខាងលើនេះដែរឬទេ ? ៕
ដោយ ៖ សិលា