ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយអូសប្រមាណ២០ម៉ែត្របណ្ដាលឲ្យស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈសុំច្បាប់រោងចក្រទៅលេងកូននៅសង្កាត់ព្រែកលៀប បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី ១៣ខែកុម្ភះឆ្នាំ២០២៥នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះដែលបានស្លាប់ឈ្មោះ ផ្លោក សេង ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ( ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព ) ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-1769 ។
បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះទិសដៅពីលិចទៅកើតនៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកពីក្រោយអូសប្រមាណ ២០ម៉ែត្របណ្ដាឱ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាពហើយបានស្លាប់តាមផ្លូវ បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តក៏បានគេចខ្លួនបាត់។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះបានសុំច្បាប់រោងចក្រនៅម្ដុំផ្សារព្រៃទាដើម្បីទៅមើលកូននៅសង្កាត់ព្រែកលៀបនៅពេលធ្វើដំណើរតាមផ្លូវក៏បានជួបគ្រោះថ្នាក់បែបនេះតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ បានចុះទៅដល់កន្លែងកេីតហេតុនិងធ្វេីការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរករថយន្តបង្ក និងអ្នកបេីកបរមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ រីឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចបញ្ជូនអធិការដ្ឋាននគរខណ្ឌព្រែកព្នៅ ដើម្បីចាត់ការបន្តនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ