ភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំលោក Ryutaro Takaku និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក Ronald Muana ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា បេសកកម្មរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មានរយៈពេលពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRMP) ចាប់ពីខែកុម្ភៈនេះតទៅ នៅតំបន់ប្រព័ន្ធធារាសាស្រ្តក្បាលហុង ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅតំបន់ប្រព័ន្ធធារាសាស្រ្តកង្ហត ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានឆ្លៀតពេលដ៏មានតម្លៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹក និងឧតុនិយម និងបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្រ្តី បានបង្ហាញនូវជំនឿយ៉ាងមុតមាំលើការគាំទ្រ និងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងថែមទៀត និងបានបញ្ជាក់ពីជំហរក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចសង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕
ដោយ : សិលា