ភ្នំពេញ៖ លោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៤កន្លងមកនេះ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស មានសាលាដំបូងរាជធានីខេត្ត សាលាឧទរណ៍ និងតុលាការកំពូល គឺបានសម្រេចលទ្ធផលការងារលើការដោះស្រាយរកយុត្តិធម៌បានល្អប្រសើរ។
លោក សេង ឌីណាបានបញ្ជាក់ថា ក្នុងចំណោមតុលាការគ្រប់ជាន់ថ្នាក់ទាំងអស់ ទូទាំងប្រទេស សាលាដំបូងរាជធានីខេត្ត គឺជាកន្លែងដែលទទួលសំណុំរឿងច្រើនជាង ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ខណៈបានចាត់ការសំណុំរឿង រហូតដល់ទៅជិត១៨ម៉ឺនសំណុំរឿង ឬរហូតទៅជាង៨៣% នៃសំណុំរឿងសរុបទាំងអស់២០ម៉ឺនសំណុំរឿង ទាំងចាស់ទាំងថ្មី ដែលនេះបានបង្ហាញឱ្យឃើញនូវចំណាត់ការដោះស្រាយ បានក្នុងអត្រាល្បឿនដ៏លឿន។
លោក សេង ឌីណា បានបន្ថែមថា ចំណាត់ការសំណុំរឿងដោយតុលាការ ក្នុងរយៈពេល១ឆ្នាំ (ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត) នៅតុលារការគ្រប់ជាន់ថ្នាក់ទូទាំងប្រទស មានសំណុំរឿងសរុប ២២៩ ២៧២សំណុំរឿង ក្នុងនោះសំណុំរឿងចាត់ការរួច មាន ១៨៨ ៩៤២សំណុំរឿង ស្មើនឹង ៨២.៤១% និង សំណុំរឿងមិនទាន់ចាត់ការ មាន៤០ ៣៣០សំណុំរឿង ឬស្មើនឹង១៧.៥៩% ។
លោក សេង ឌីណា បានលើកឡើងថា សំណុំរឿងទាំងអស់ ទូទាំងប្រទេស សរុបជិត២៣ម៉ឺនសំណុំរឿងនេះ មានទាំងសំណុំរឿងចាស់ដែលមានមុនពេល ប្រកាសបើកយុទ្ធនាការ និងសំណុំរឿងថ្មីដែលចូលជាបន្តបន្ទាប់ ចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការមកដល់បច្ចុប្បន្ន ។
ការសម្រេចបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ របស់តុលាការ គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បើទោះបីជាមាន ឬគ្មានបណ្តឹងរបស់ប្រជាពលរដ្ឋ មកកាន់យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ក៏ដោយ ក៏តុលាការខិតខំយកចិត្តទុកដាក់ នៅក្នុងការដោះស្រាយសំណុំរឿង ជូនប្រជាពលរដ្ឋបានលឿន មានអត្រាមួយខ្ពស់ ៕
ដោយ ៖ សិលា