ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរប្រជាជនអូស្ត្រាលី ក្នុងទិវាបុណ្យជាតិអូស្រ្តាលី។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ៖ ទំនាកទំនងកម្ពុជា និងអូស្ត្រាលីបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ មកម្លេះ ពោលគឺមួយឆ្នាំមុនពេលដែលកម្ពុជាទទួលបានឯករាជ្យ។ រយៈពេលជាងប្រាំពីរទស្សវត្សរ៍កន្លងមកនេះ ទោះបីជាស្ថានភាពសង្គម និងពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ក៏កម្ពុជា និងអូស្ត្រាលីបានបន្តរក្សាចំណងមិត្តភាពដ៏រឹងមាំ និងយ៉ាងស្អិតរមួត ក្នុងភាពជាដៃគូ ដែលបាននាំមកនូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងចូលរួមសម្រាប់ដំណើរវិវឌ្ឍ នៃសេដ្ឋកិច្ច សង្គម កម្ពុជា ដូចស្តែង ចេញតាម រយៈ វឌ្ឍនភាពដែលយើងឃើញស្រាប់។ អ្វីដែលជាការកត់សម្គាល់ បន្ថែមលើនេះទៀតនោះគឺ ការគាំទ្ររបស់អូស្ត្រាលី ក្នុងដំណើរការសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទស្សវត្សរ៍ឆ្នាំ១៩៩០ ជាពិសេសក្នុងបេសកកម្មអ៊ុនតាក់ (UNTAC)។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ៖ អូស្ត្រាលី បានផ្លាស់ ប្តូរពីប្រទេសម្ចាស់ជំនួយ ទីជាដៃគូសហការរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ក្រៅពីកម្មវិធីអាហារូបករណ៍នានា ដោយឡែកក្នុងវិស័យមុខងារសាធារណៈ អូស្ត្រាលីបានរួម ចំណែកយ៉ាងច្រើន តាមរយៈ កម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ការរៀបចំទស្សនកិច្ចសិក្សា ជាមួយដៃគូសហការនានា នៅសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាការបណ្តុះបណ្តាលបំពាក់បំប៉នសមត្ថភាពមន្ត្រីជាច្រើនពាន់នាក់។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងថា ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រឥតងាករេ ចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ ខ្ញុំជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងដ៏រឹងមាំ រវាង ប្រជាជាតិ ទាំងពីរ នឹងបន្តរីកចម្រើន លូតលាស់ ឆ្ពោះទៅមុខ ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាជន៕
ដោយ ៖ សិលា