ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅកាប់សង្សាររបស់ខ្លួននៅកន្លែងធ្វើការបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកជនដៃដល់បានជិះម៉ូតូទៅលោតទឹកពីលើស្ពានព្រែកសំរោងតែមិនស្លាប់ដោយសារមានទូកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី ១៣ខែកុម្ភះ ឆ្នាំ២០២៥នៅហាងចរណៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្បាលជ្រោយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះមានឈ្មោះ វែង ស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកហាងចរណៃ ស្នាក់នៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យមានឈ្មោះ ភ័ក្រ្ត សុវណ្ណារ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហាគ្នា។ បន្ទាប់មក ជនសង្ស័យក៏ឲ្យជនរងគ្រោះទៅរស់នៅជាមួយគ្នានៅផ្ទះជនសង្ស័យ តែជនរងគ្រោះមិនព្រម ហើយក៏មានទំនាស់ ពាក្យសម្តីគ្នា ពេលនោះជនសង្ស័យគំរាមជនរងគ្រោះថា បើចង់បែកពីខ្ញុំមានអ្នកថ្មី ខ្ញុំនឹងកាប់សម្លាប់ចោល រហូតដល់ថ្ងៃទី ១៣ខែកុម្ភះ ឆ្នាំ២០២៥ ជនរងគ្រោះកំពុងធ្វើការនៅហាងចរណៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្បាលជ្រោយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅជនសង្ស័យបានទាក់ទង់ទូរស័ព្ទមកជនរងគ្រោះ ២ដង តែជនរងគ្រោះមិនលើកនិយាយ ធ្វើឲ្យជន សង្ស័យខឹង ក៏ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HR-3210 មកឈប់មុខហាងចរណៃ ចាប់ទាញជនរងគ្រោះមកក្រៅ រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំក្បាល និងកាប់ជើងឆ្វេងដាច់ឆ្អឹង (របួសធ្ងន់) រួចជិះម៉ូតូគេចឡើងលើស្ពានព្រែកសំរោងដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ដោយសារមានប្រជានេសាទជួយទាន់ពេលវេលា ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូរវៀត។
បច្ចុប្បន្នសមត្ថកិច្ចរកឃើញវត្ថុតាងកាំបិតប៉័ងតោ០១, ម៉ូតូ ០១គ្រឿង (របស់ជនសង្ស័យ) នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួននាំនៅអធិការនគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការនីតិវិធីតាមផ្លូវច្បាប់ ៕ ដោយ៖សុខាសែនជ័យ