ភ្នំពេញ៖ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារពន្លឿនវិស័យយានយន្ត និងអេទ្បិចត្រូនិក ដែលកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណង (១) ពិនិត្យ លើលទ្ធផលបឋមនៃការវិភាគទិន្នន័យដែលក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្តល់សម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា (ផ.អ.យ.អ.) (២) ផ្ទៀងផ្ទាត់ទិន្នន័យ ការវិភាគទិន្នន័យ ព្រមទាំងប្រមូលធាតុចូលបន្ថែម និង (៣) ពិភាក្សាលើបញ្ហាប្រឈមនៃការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃរបាយការណ៍វឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤)។
ជាកិច្ចចាប់ផ្តើម លោកប្រធានបានមានមតិស្វាគមន៍ និងបានជម្រាបជូនអង្គប្រជុំពីសាវតារនៃការរៀបចំ ផ.អ.យ.អ. និងភាពចាំបាច់នៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។ ក្របខណ្ឌតាមដាន និងវាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិក បានទទួលការអនុម័តពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ ផ្អែកតាមរបបរាយការណ៍ដូចដែលបានកំណត់នៅក្នុងក្របខណ្ឌនេះ លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជាសម្រាប់ដាក់ជូនគណៈកម្មាធិការប្រតិបត្តិពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ ហើយបន្តនីតិវិធីស្នើសុំដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ។
ជាកិច្ចបន្ទាប់ ក្រុមការងារបច្ចេកទេសបានធ្វើបទបង្ហាញចំនួន៣ស្តីពីលទ្ធផលបឋមនៃការវិភាគទិន្នន័យសូចនាករទាំងបីកម្រិតគឺកម្រិតយុទ្ធសាស្ត្រ កម្រិតវិស័យ និងកម្រិតបច្ចេកទេស ដែលទិន្នន័យសូចនាករទាំងនេះគឺជាធាតុចូលសំខាន់ដើម្បីបញ្ចូលក្នុងសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេទ្បិចត្រូនិកកម្ពុជា។ បន្ថែមពីនេះ អង្គប្រជុំបានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងផ្តល់ធាតុចូលលើភាពត្រឹមត្រូវនៃទិន្នន័យ និងការវិភាគទិន្នន័យបឋមដែលក្រុមការងារបានរៀបចំ និងជំរុញការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទទួលបន្ទុកដឹកនាំអនុវត្តវិធានការ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមដែលក្រសួង ស្ថាប័នជួបប្រទះក្នុងការអនុវត្តវិធានការ។
ជាលទ្ធផល អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុស ហើយលោកប្រធានអង្គប្រជុំបានសំណូមពរឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាផ្តល់ទិន្នន័យឱ្យបានឆាប់រហ័ស ដើម្បីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឆាប់បានធ្វើការបូកសរុប និងបញ្ចប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេទ្បិចត្រូនិកកម្ពុជា៕ដោយ៖តារា