ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មាន សារព័ត៌មានមួយចំនួនតូចបានធ្វើការផ្សព្វផ្សាយនូវព័ត៌មាន ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាលើការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយសង្គម (Facebook) របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូន សាធារណជន ដូចខាងក្រោម៖
១. ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយ កម្មវិធីនយោបាយ និង សារនយោបាយជូនដល់ប្រជាជនឱ្យបានកាន់តែច្រើន និងទូលំទូលាយ ដែលជាការចាំបាច់សម្រាប់បម្រើដល់ផល ប្រយោជន៍ប្រជាជន និងសង្គមជាតិ។ ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី នេះ គឺមិនខុសគ្នាទៅនឹងការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាមេដឹកនាំប្រទេសនានា និងបណ្តាក្រុមហ៊ុន ក៏ដូចជាអ្នកធ្វើ ធុរកិច្ចផ្សេងៗនោះឡើយ។ ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី ពុំមែនទើបតែផ្សព្វផ្សាយនាពេលនេះ នោះទេ។ ការផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលជាយូរមកហើយ។
២. ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី ពុំបានប្រើប្រាស់ថវិកាជាតិ នោះទេ។
៣. ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី នេះ ពុំមែនជាការធ្វើប្រជាភិថុតិ ដូចការចោទប្រកាន់របស់ក្រុមអគតិមួយចំនួននោះទេ។ ការលើកឡើងរបស់ក្រុមអគតិទាំងនោះ បានបង្កប់នូវចេតនា ទុច្ចរិតដែលនាំឱ្យប្រជាជនមានការយល់ច្រឡំមកលើប្រមុខរាជរដ្ឋាភិបាល ដើម្បីតែបម្រើផលប្រយោជន៍នយោបាយ របស់ក្រុមគេ តែប៉ុណ្ណោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា