ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kaoru Mitoma រកបានគ្រាប់បាល់បើកឆាកដ៏អស្ចារ្យ ខណៈដែល Brighton បានបន្ថយគម្លាតរបស់ Chelsea ក្នុងក្រុមកំពូលទាំង៤នៅ Premier League ជាមួយនឹងជ័យជម្នះលើកទី២របស់ពួកគេលើក្រុមតោខៀវក្នុងរយៈពេលមួយសប្តាហ៍។
លទ្ធផល ៣ទល់០ នេះមានន័យថា ក្រុមរំពេរ Brighton ដែលបានទម្លាក់ក្រុមរបស់លោក Enzo Maresca ចេញពី FA Cup កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ បានឡើងមកឈរនៅលេខរៀងទី៨ក្នុងតារាង ដោយតាមពីក្រោយក្រុម Manchester City ចំនួន៤ពិន្ទុឈរនៅលេខ៥។
Man City, Newcastle និង Bournemouth ដែលសុទ្ធតែមានការប្រកួតក្នុងដៃ មានឱកាសលោតផ្លោះរំលងក្រុម Chelsea ប្រសិនបើពួកគេឈ្នះនៅថ្ងៃសៅរ៍នេះ។
ខ្សែប្រយុទ្ធជប៉ុន Mitoma បានរកគ្រាប់បាល់នាំមុខឱ្យក្រុមម្ចាស់ផ្ទះ ដោយគ្រប់គ្រងការបញ្ជូនបាល់ដ៏វែងរបស់អ្នកចាំទី Bart Verbruggen យ៉ាងអស្ចារ្យជាមួយនឹងការស៊ុតបញ្ចូលទីនៅនាទីទី២៧ផុតដៃអ្នកចាំទី Filip Jorgensen របស់ Chelsea។
១គ្រាប់នាំមុខនេះមិនបានគ្រប់គ្រាន់សម្រាប់ក្រុមម្ចាស់ផ្ទះ Brighton នោះទេ ដោយនៅនាទីទី៣៨ កីឡាករ Yankuba Minteh បានបន្ថែមគ្រាប់បាល់ទី២ ពីការបញ្ជូនបាល់យ៉ងល្អរបស់ Danny Welbeck រហូតដល់ចប់តង់ទី១លទ្ធផលក្រុមម្ចាស់ផ្ទះនាំមុខ២ទល់០។
ខណៈពេលដែល Chelsea បានគ្រប់គ្រងបាល់បានច្រើនក្នុងតង់ទី២ ពួកគេបានព្យាយាមបង្កើតឱកាសជាច្រើនទល់នឹងក្រុមរបស់លោក Fabian Hurzeler ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់ Cole Palmer ស៊ុតចំគោលដៅ និងការតែតរបស់ Enzo Fernandez ចូលទីដែរ ប៉ុន្តែមិនត្រូវបានអនុញ្ញាតសម្រាប់ការរុញទៅលើខ្សែការពារ Joel Veltman។
ខ្សែប្រយុទ្ធជម្រើសជាតិហ្គាំប៊ី Minteh បានបន្ថែមគ្រាប់បាល់ទី៣នៃការប្រកួត និងជាគ្រាប់បាល់ទី២របស់គាត់ឱ្យ Brighton នៅនាទីទី៦៣ ពីការបញ្ជូនរបស់ Danny Welbeck ដែលក្រុម Chelsea មើលទៅហាក់បីដូចជាមានចន្លោះប្រហោងនៅតំបន់ការពារ។
លទ្ធផល ៣ទល់០នេះបានបន្តរហូតដល់ចប់ការប្រកួត ដែលពេលនេះ Chelsea កំពុងបន្តឈរលេខ៤ដដែល ប៉ុន្តែហាក់មានឱកាសតិចតូចពីទីតាំងរបស់ខ្លួន ដោយក្រុម៣នៅពីក្រោយមានឱកាសច្រើនក្នុងការប្រជែងនៅតំបន់ Top 4 សម្រាប់ការប្រកួតរបស់ខ្លួននៅរាត្រីនេះ៕
(រូបភាព ៖ BBC)