ភ្នំពេញ៖ រថយន្ដព្រូសបើកលឿនមិនប្រយ័ត្នជ្រុលចង្កូតបុករថយន្ដដឹកអង្ករដែលចតទុកលើចិញ្ចើមផ្លូវ ពីក្រោយបណ្ដាលរងរបួសស្រាលម្នាក់ ចំណែករថយន្ដរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចហាងបាយឆា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្កាត់ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុឃើញមានរថយន្ដដឹកអង្ករមួយគ្រឿង ម៉ាកCRNTER ពណ៌សរលាយខៀវ ពាក់ផ្លាកលេខចង្កូតស្ដាំ KDL- 0670 បើដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ទិសដៅពីត្បូងមកជើង បានបើកមកចតអែបឈប់លើចិញ្ចើមផ្លូវ រួចក៏ចុះពីលើរថយន្ដចូលហូបបាយឆា ខណៈពេលនោះក៏ស្រាប់តែមានរថយន្ដបង្ក ម៉ាកតូយ៉ូតាព្រូស មួយគ្រឿងពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2CA- 9801 បើកបរដោយបុរសម្នាក់ធ្វើ តាមបណ្ដោយផ្លូវជាតិលេខ៦អា ទិសដៅស្របទិសដៅគ្នា ក្នុងល្បឿនលឿនលុះធ្វើដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតជ្រុលទៅបុករថយន្ដដឹកអង្ករពីក្រោយពេញទំហឹងបណ្ដាលអោយរងការខូចខាតផ្នែកពីមុខរថយន្ដខាងស្ដាំយ៉ាងដំណំ ចំណែករថយន្ដដឹកអង្ករ រងការខូចខាតផ្នែពីខាងក្រោយ បែកស្តុបតិចតួច ។
ដោយឡែកក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយអ្នកបើកបររថយន្ដព្រូសរងរបួសស្រាល ភ្លាមៗនោះក៏បានដើរចេញពីកន្លែងទៅបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញ់ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែង យករថយន្ដទាំង២គ្រឿងខាងលើទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕