ថ្ងៃនេះ ព្រះសុរិយាលូនផុតពីដែនពសុធា ដោយជំនួសមកវិញនូវស្បៃរាត្រីមកគ្របដណ្ដប់ពិភពលោកឲ្យងងឹតសូន្យសុង។ រថយន្តPrius ពណ៌ក្រហមមួយគ្រឿងបានលូនសន្សឹមៗមកឈប់នៅមុខគេហដ្ឋានពូពុធ ហើយភ្លាមនោះគេឃើញសោមា ស្លៀកសំពត់ខ្លីលើក្បាលជង្គង់បញ្ចេញគល់ភ្លៅសដូចកូនចិន។ នាងពាក់អាវវៀលក បញ្ចេញគល់សុដន់សខ្ចី ចងសក់ទីទុយ រត់ចេញពីផ្ទះយ៉ាងលឿនសំដៅចូលក្នុងរថយន្តដែលមានយុវជនម្នាក់ជាអ្នកបើកបរកំពុងឈប់រង់ចាំនៅមុខផ្ទះ។ ការពិតបុរសអ្នកបើកបរនេះគឺជាកម្មករបើកបររថយន្តឲ្យឧកញ៉ាសម្បត្តិរកស៊ីលក់ដីឡូត៍ម្នាក់នៅខណ្ឌដង្កោ។ ពេលទៅដល់ភ្លាម ស្រស់ធីតាបើកទ្វាររថយន្តប្រញាប់ចូលទៅអង្គុយនៅកៅអីខាងក្រោយ ហើយមិនបានប៉ុន្មាននាទីផងរថយន្តនេះបានលូនចាកចេញពីលំនៅឋាន ពូពុធ យ៉ាងលឿនសំដៅទៅក្លឹបរាំកម្សាន្តមួយកន្លែងនៅខណ្ឌសែនសុខ ដែលជាកន្លែង តម្រូវចិត្តយុវវ័យ។សំឡេងតន្ត្រីប្រគំយ៉ាងពីរោះរណ្ដំធ្វើឲ្យក្រុមយុវជន យុវនារី រាប់សិបនាក់ដែលចូលក្លឹបនេះលោតរាំកញ្ឆេងហ៊ោកញ្ជ្រៀវតាមចង្វាក់ភ្លេងយ៉ាងសប្បាយលែងគិតព្រួយ ដែលនេះ ភាពសប្បាយក្នុងក្លឹបកំសាន្តគឺជាការពេញនិយមរបស់យុវវ័យ។ នៅក្នុងបន្ទប់វីអាយភីមួយដ៏ប្រណីតរបស់ក្លឹបមួយនេះគេឃើញមានមនុស្សមួយក្រុមមានគ្នាប្រមាណ៥ នាក់ កំពុងក្រេបស្រាបៀរនិងជក់វេបបង្ហុយផ្សែងទ្រលោមពេញបន្ទប់។ ក្នុងនោះសោមា និងមិត្តនារីរបស់នាងម្នាក់ទៀតឈ្មោះ បុប្ផា ក៏មានវត្តមាននៅក្នុងបន្ទប់នេះដែរ។ នាងទាំង២កំពុងគោះកែវ ជាមួយបុរសបីនាក់ផ្សេងទៀតក្នុងភាពស្និទ្ធស្នាលក្រៃលែង។ ប៉ុន្តែមិនបានគណៈម៉ោងផង សោមាស្ថិតក្នុងភាពស្រវឹងបន្តិចហើយ ដោយគេឃើញភ្នែករបស់នាងមមីដូចងុយដេក ហើយនិយាយទៅកាន់បុរសទាំងបីនាក់នោះថា
– បើដឹងចូលក្លឹបសប្បាយយ៉ាងហ្នឹង ខ្ញុំចូលយូរហើយ
និយាយសឹងចប់មិនទាន់បុរសជាអ្នកបើកបរឡានឲ្យឧកញ៉ាសម្បត្តិបានលូកមាត់ថា
– នេះហើយជាឋានសួគ៌យុវវ័យរបស់យើង កើតមកមួយជាតិបើមិនស្គាល់រសជាតិសប្បាយបែបនេះទេក៏មិនកើតដែរ ដូច្នេះយើងសប្បាយឱ្យអស់ដៃទៅ!
រីឯបុរសម្នាក់ទៀតជាអង្គរក្សលោកឧកញ៉ាសម្បត្តិកំពុងឈោងចាក់ស្រាបៀរជូនចៅហ្វាយនាយដែលអង្គុយជាប់នឹងសោមា ហើយបានពោលបន្តតាមក្រោយទាំងទឹកមុខញញឹម
– ឱ្យតែអូនចូលចិត្តសប្បាយមិនខ្វះទេកន្លែងសប្បាយលោកឧកញ៉ានឹងនាំអូនដើររកកន្លែងសប្បាយជាងនេះ។ បានឮកូនចៅនិយាយសរសើរបែបនេះលោកឧកញ៉ាសម្បត្តិញញឹមខ្ជឹបរួចលើកកែវស្រាជល់នឹងកែវសោមានិងមិត្តភក្កិរបស់នាងម្នាក់ទៀត។
– តោះលើកដាច់មួយកែវនេះ មិនខ្វះទេកន្លែងសប្បាយចាំបងជូនអូនទៅរកកន្លែងផ្សេងពីនេះដើម្បីឲ្យអូនត្រជាក់ចិត្ត។( លោកឧកញ៉ាសម្បត្តិពោលតាមក្រោយ)
– ចា៎ៗ…អរគុណលោកឧកញ៉ាដែលចំណាយលុយប៉ាវពួកខ្ញុំ និងរកកន្លែងសប្បាយៗបែបនេះ។ សោមា និងមិត្តភក្តិ ឆ្លើយតបនិងសំដីលោកឧកញ៉ាដោយសេចក្តីគោរពព្រមទាំងក្រេបសុរាទាល់តែអស់ពីកែវ។ បន្ទាប់មករូបគេទាំង ៥នាក់ក្រោកឈររាំកាច់ចង្កេះពត់ពែនតាមចង្វាក់ភ្លេងប្រៀបដូចទីនេះជាឋានសួគ៌អ្នកភ្លើតភ្លើន។
វាប្រៀបបីដូចជាអូសត្រីចូលស៊ង មិនបានប៉ុន្មានផង សោមា និងបុប្ផាដោយអំណាចសុរាចូលពោះច្រើនកែវនោះ នាងទាំងពីរក៏ស្រវឹងលែងដឹងខ្លួន។ ពេលឃើញដូច្នេះលោកឧកញ៉ាដែលស្រវឹងស្រឿងៗដែរនោះបានហៅគេគិតលុយព្រមទាំងញាក់ភ្នែកឲ្យកូនចៅគ្រាកញ្ញាទាំងពីរដាក់លើរថយន្តបើកចេញទៅបាត់។ (នៅមានត)
