ក្រសួងការបរទេសកម្ពុជាអំពាវនាវដល់ប្រទេស ដែលផ្តល់ជម្រកដល់ក្រុមភេរវករធ្វើការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងនាំខ្លួនបុគ្គលរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន មកទទួលខុសត្រូវចំពោះមុខច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ញត្តិថ្កោលទោស

តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីការទូត និងបុគ្គលិកក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលកំពុងបំរើការទាំងក្នុងនិងក្រៅប្រទេស ខ្ញុំ (ប្រាក់ សុខុន) ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមប្រកាសធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរៀបចំផែនការទុច្ចរិត តាមរយៈការប៉ុនប៉ងប្រើប្រាស់ដ្រូនបាញ់ចូលភូមិគ្រឹះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ចេតនារបស់ក្រុមអគតិ ជ្រុលនិយមនេះជាអំពើភេរវកម្ម និងជាការប៉ុនប៉ងធ្វើឃាតដល់ថ្នាក់ដឹកនាំកំពូល និងក្រុមគ្រួសារនៃ រដ្ឋបុរសរបស់ជាតិ ដែលបានលះបង់ពេលវេលាមួយជីវិត ក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និង ការសម្រេចបាននូវសន្តិភាពទូទាំងប្រទេស ដែលក្នុងប្រវត្តិសាស្ត្រកម្ពុជារាប់រយឆ្នាំកន្លងមកនេះ មិន ដែលបានជួបប្រទះនូវភព្វវាសនាដ៏ប្រសើរបែបនេះឡើយ។

ផែនការវាយប្រហារនេះគឺទង្វើខុសច្បាប់ ខ្មៅកខ្វក់ គួរឱ្យស្អប់ខ្ពើម និងព្រៃផ្សៃ សាហាវ យង់ឃ្នងជាទីបំផុត ដែលអាចនឹងបង្កឱ្យមានអសន្តិសុខ អសន្តិភាព និងអស្ថិរភាពនយោបាយ នៅ ក្នុងប្រទេស។ ប្រការនេះក៏អាចនឹងនាំឱ្យប៉ះពាល់ដល់វិបុលភាពប្រទេសជាតិ និងបង្អាក់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ដែលសម្រេចបានដោយលំបាកនាពេលកន្លងមក ព្រមទាំងទាញកម្ពុជាឱ្យធ្លាក់ ចូលទៅក្នុងភាពចលាចល ភាពវឹកវរសង្គម និងភ្លើងសង្គ្រាមសាជាថ្មី។

យើងសូមធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការចាប់ខ្លួនមេគំនិត និងក្រុមរួមគំនិត ដែលផ្តួចផ្តើមផែនការទុច្ចរិតនេះ មកកាត់ទោសទៅតាមច្បាប់ជាធរមាន។ យើងក៏សូមអំពាវនាវដល់ប្រទេស ដែលផ្តល់ជម្រកដល់ក្រុមភេរវករទាំងនេះ ធ្វើការសហការជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងនាំខ្លួនបុគ្គលរៀបចំផែនការទុច្ចរិតនេះ មកទទួលខុសត្រូវចំពោះ មុខច្បាប់។ រាល់ទង្វើភេរវកម្ម ទោះជាប្រព្រឹត្តក្នុងចេតនាណាក៏ដោយ ដោយបុគ្គលណាក៏ដោយ និង ក្នុងគោលបំណងអ្វីក៏ដោយ គឺត្រូវតែរួមគ្នាលុបបំបាត់ បង្ក្រាប ដោយមិនមានការលើកលែងឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print