ភ្នំពេញ ៖ មនុស្ស២នាក់បានរងរបួសធ្ងន់បង្កឡើងដោយរថយន្តកុងតឺន័របើកបញ្ច្រាស់ទិសហើយធ្វើឲ្យរថយន្តកូរ៉េចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងតែម្ដង។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំនុច ផ្លួវភ្នំពេញហាណូយ កែងនិងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងរាំង ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលើតហេតុគេឃើញមានរថយន្តមួយគ្រឿងជាប្រភេទរថយន្តកុងតឺន័រ ក្បាលពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3C-9481 បើកបរដោយបុរសម្នាក់មានព្រួម្នាក់ក្នុងទិសដៅពីកើតទៅលិច បើកចេញពីផ្លួវលំក្នុងបំណងយករថយន្តទៅទុកនៅឃ្លាំងរបស់ក្រុមហ៊ុនម៉ែនសារ៉ុន នៅម្ដុំព្រែកព្នៅតែដោយសារតែអ្នកបើកបរមិនចង់វាងព្រោះវាឆ្ងាយក៏បើកបញ្ច្រាសទិសតាមផ្លូវទំនប់កប់ស្រូវតែពេលបើកឡើងបានបន្តិចស្រាប់តែមានរថយន្តកូរ៉េពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AG-7031 ដែលបើកដោយបុរសពីរនាក់បើកតាមផ្លួវភ្នំពេញហាណូយ ក្នុងទិសដៅពីលិចទៅកើតហើយអ្នកបើកបរចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តកុងតឺន័រចំពីមុខបណ្ដាលឲ្យរថយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងចំណែកអ្នកបើកបររងរបួសធ្ងន់ទាំង២នាក់ហើយភ្លាមៗនោះអ្នកបើកបររថយន្តកុងតឺន័របើកទ្វាររថយន្តរត់គេចបាត់ស្រមោលនៅសល់តែព្រូម្នាក់នៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះរីឯរថយន្តទាំងទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍ធ្វើការវាស់វែងហើយយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរនៃ
ស្នងការរាជធានីភ្នំពេញរងចាំការដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ តុង សីហា