ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមាន លោកJimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Salud Carbajal សមាជិកសភា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៊ុលីណយ មកពី គណបក្សសាធារណរដ្ឋ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនង ការទូតកម្ពុជា-សហរដ្ឋអាមេរិកផងដែរ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោម ការដឹកនាំរបស់ សម្តេចបវរធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូ សភាសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់អំពីការបន្តធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអេមរិក ឱ្យកាន់តែយល់ដឹង ច្បាស់អំពីកម្ពុជា ដើម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូសភាសហរដ្ឋអាមេរិក នាឱកាសនេះ ក៏ដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែក បន្ថែមទៀតក្នុងការជំរុញការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលើកកម្ពស់ ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
សម្តេចបវរធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក ក៏បានពិភាក្សាពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និងការបោស សម្អាតមីន ជាដើម៕
ដោយ ៖ សិលា