ភ្នំពេញ ៖ ពាក្យ «ដាំដើមគរ» ជាពាក្យមានន័យធៀបនឹងភាព ស្ងៀមស្ងាត់ ឥតនិយាយស្តី ឬឥតខ្វល់អ្វីទាំងអស់។ ចំណែកពាក្យ «ព្រងើយកន្តើយ» មានន័យថា មិនយកចិត្តទុកដាក់នឹងធុរៈអ្វី។ រីឯអាជ្ញាធរគឺជា អ្នកទ្រទ្រង់អាជ្ញា ឬអ្នកកាន់អំណាចតាមសិទ្ធិដែលខ្លួនទទួលបានពេញលក្ខណៈ សម្រាប់ជួយសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ថា ដើម្បីអាចដោះស្រាយបញ្ហានៅក្នុងមូលដ្ឋានបានយ៉ាងរលូនពលរដ្ឋម្នាក់ៗត្រូវតែកុំនៅស្ងៀមស្ងាត់ ត្រូវហ៊ានរាយការណ៍ និងលើកពីបញ្ហាដែលមានទៅកាន់អាជ្ញាធរ ជាឧទាហរណ៍ ក្មេងទំនើង អំពើហិង្សា ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងជាដើម។ ចំណែកអាជ្ញាធរ ដែលមានតួនាទី ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាដែលពលរដ្ឋលើកឡើងឱ្យបានទាន់ពេលវេលា។
លោកស្រី ឈឿន សុភាវី កសិករ ខេត្តត្បូងឃ្មុំ បានប្រាប់ក្រុមព័ត៌មានអ្នកនាំពាក្យថា លោកស្រីក៏ធ្លាប់បានរាយការណ៍ទៅកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពីបញ្ហាក្មេងទំនើងដែលតែងតែជិះម៉ូតូលឿនៗនៅតាមផ្លូវដែលអាចបង្កជាគ្រោះថ្នាក់ ដើម្បីឱ្យរកវិធីសាស្រ្តបង្ការ ទប់ស្កាត់ និងបង្ក្រាបបញ្ហាក្មេងទំនើងឱ្យបានទាន់ពេលវេលា។ លោកស្រីបន្តថា« ខ្ញុំបានសង្កេតឃើញពីបញ្ហាយុវជនម្នាក់ដែលមានភាពមិនប្រក្រតីបានជិះម៉ូតូលឿនៗ ដែលជាក្តីបារម្ភចំពោះសិស្សតូចៗពេលចេញពីរៀន ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍នៅក្បែរសាលា។ ខ្ញុំក៏យករឿងហ្នឹងទៅរាយការណ៍ឱ្យប៉ុស្តិ៍ភ្លាម ហើយប៉ុស្ដិ៍ក៏មិននៅក៏ស្ងៀមដែរ មេប៉ុស្តិ៍គាត់បានបញ្ជាឱ្យមន្រ្តីចុះទៅត្រួតពិនិត្យភ្លាមៗ និងអនុវត្តការងារភ្លាម»។
ចំណែកនាយកវិទ្យាល័យហ៊ុនសែនអូររាំងឳ លោក ហេង ហុកវី បានឱ្យដឹងថា ចំពោះបញ្ហាក្មេងទំនើងដែលបង្កភាពរំខានទៅកាន់សិស្សានុសិស្សដទៃទៀតនៅក្នុងសាលា លោកតែងហៅមកអប់រំណែនាំ និងហៅអាណាព្យបាលមកពិគ្រោះបន្ថែមទាក់ទងទៅនឹងកូនៗរបស់ពួកគេ។ ប៉ុន្តែករណីមួយចំនួនដែលលើសពីដែនសមត្ថកិច្ចរបស់សាលា លោកបានរាយការណ៍ទៅកាន់អាជ្ញាធរ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ផងដែរ។ លោកបន្តថា «ជាទូទៅខ្ញុំរាយការណ៍ទៅតាមស្ថានភាពមួយចំនួនទៅកាន់សមត្ថកិច្ចភ្លាមៗ ដោយស្ថានភាពខ្លះខាងសាលាអាចចាត់វិធានការ ឬដោះស្រាយដោយខ្លួនឯងបាន ហើយស្ថានភាពខ្លះទៀតដែលបង្កពីក្មេងទំនើងមកពីខាងក្រៅមកអុកឡុកនៅក្នុងសាលា ខ្ញុំផ្តល់ដំណឹងទៅអាជ្ញាធរ ដើម្បីបញ្ជូនក្មេងទំនើងទាំងនោះទៅអប់រំបន្ថែម និងចាត់វិធានការតាមផ្លូវច្បាប់»។
លោក កែម សុកធី នាយប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសូភី បានលើកឡើងថា ក្នុងមូលដ្ឋានរបស់លោកករណីក្មេងទំនើងពីមុនគឺមានច្រើនតែដោយសារការចូលរួមរាយការណ៍យ៉ាងសកម្មពីប្រជាពលរដ្ឋ មេភូមិ នាយកសាលា និងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងការចុះយាមល្បាត ទាំងថ្ងៃ ទាំងយប់របស់អាជ្ញាធរ ធ្វើឱ្យករណីក្មេងទំនើងនៅមូលដ្ឋានមានការថយចុះ ពលរដ្ឋរស់នៅប្រកបដោយផាសុខភាពមិនមានការភ័យខ្លាចពីបញ្ហាទាំងនោះ។
បើតាម លោក ស៊ូ សុផល មេឃុំទួលសូភី លោកក៏ធ្លាប់បានប្រជាពលរដ្ឋមករាយការណ៍ប្រាប់ពីបញ្ហានានាដែលមាននៅក្នុងមូលដ្ឋាន មិនថាជារឿងតូចក្ដី ធំក្ដីលោកតែងតែដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសលោកក៏បានលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់បន្តរាយការណ៍ និងជូនដំណឹងពីបញ្ហា និងឱ្យពលរដ្ឋចូលរួមស្ដាប់ការប្រជុំប្រចាំខែរបស់មន្រ្តី និងក្រុមប្រឹក្សា ក្នុងការលើកពីក្ដីកង្វល់ សំណូមពរ និងមតិយោបល់មកកាន់អង្គប្រជុំដើម្បីឱ្យអ្នកពាក់ព័ន្ធក្នុងជំនាញក្ដី និងមិនជំនាញក្ដីចូលរួមស្វែងរកវិធីសាស្ដ្រដោះស្រាយ និងអន្តរាគមន៍ឱ្យបានឆាប់រហ័សនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងនាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះអាជ្ញាធរឃុំ សង្កាត់ ប្រជាពលរដ្ឋ ព្រមទាំងតួអង្គផ្សេងទៀតក្នុងមូលដ្ឋាន ដូចជានាយកសាលា និងលោកគ្រូ អ្នកគ្រូជាដើម ដែលមានទំនាក់ទំនងល្អជាមួយគ្នា ពិសេសលើកិច្ចសហការរាយការណ៍ ផ្ដល់មតិ និងព័ត៌មានល្អៗ ដើម្បីដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ក្នុងនោះក៏រួមទាំងការឆ្លើយតបគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងនោះក៏រួមទាំងការបំផុសឱ្យប្រជាពលរដ្ឋចូលរួមសហការរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងការចូលរួមតាមរយៈការតាមដានអប់រំណែនាំដល់កូនចៅរបស់ខ្លួនឱ្យដើរតាមគន្លងធម៌ ខិតខំរៀនសូត្រដើម្បីអនាគតល្អប្រសើរ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជាប្រចាំឱ្យអាជ្ញាធរគ្រប់ថ្នាក់ពង្រឹងការងារនេះស្របតាមទស្សនៈអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
ដោយ ៖ កញ្ញា អន អមរា មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ