វគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» ចាប់ផ្តើមក្នុងឆ្នាំនេះ ក្នុងភាពជាម្ចាស់ ការលើការរៀបចំពេញលេញ ដោយក្រសួងមុខងារសាធារណៈ

ចែករំលែក៖

ភ្នំពេញ÷នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧»។ កម្មវិធីរសៀលនេះ មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល តំណាងសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។

វគ្គបណ្តុះបណ្តាល ជំនាន់ទី៧ លើកនេះជាការរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយពេញលេញ ដែលកន្លងមកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានការគាំទ្រពីសហភាពអ៊ឺរុប និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី វគ្គបណ្តុះបណ្តាល នៅតែទទួលបានការគាំទ្រ ជាស្មារតីពីដៃគូអភិវឌ្ឍ និងដៃគូសហការរបស់យើង ដូចមានវត្តមានក្នុងកម្មវិធីនាថ្ងៃនេះស្រាប់។ លោក ANDREAS BERG អនុប្រធានបេសកកម្មនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានមានមតិស្វាគមន៍ដោយបង្ហាញក្តីរីករាយនៅពេលដែលបានឃើញដៃគូសហការ អាចមានភាពជាម្ចាស់ និងអាចបន្តអនុវត្តកម្មវិធីដោយខ្លួនឯងបាន។ 

មានប្រសាសន៍ក្នុងរបាយការណ៍ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរៀបរាប់ក្នុងរបាយការណ៍ថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួន៦ ជំនាន់មកហើយ ដែលជាលទ្ធផលសិក្ខាកាមចំនួន១០១៨នាក់(ស្រី១៧១នាក់) 

បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ដោយ ឡែក សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៧ ដែលមាន វត្តមានក្នុងឱកាសបើកវគ្គនាថ្ងៃនេះ មានចំនួន សរុប ១៨៨នាក់ មកពីក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិចំនួន៣៤ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត។ 

ក្រោយបានស្តាប់របាយការណ៍របស់វាគ្មិនទាំងពីរខាង លើ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នេះ ដូចដែលសិក្ខាកាមជំនាន់មុនៗ បានធ្វើរួចមកហើយ ដោយយក ចិត្តទុកដាក់ និងបំពេញតាមលក្ខខណ្ឌនានារបស់វគ្គ ដើម្បីបានជាពុទ្ធិ និងបទពិសោធន៍ ថ្មីៗ ល្អៗ យកទៅដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួន ជាធនធានសម្រាប់បម្រើប្រជាពលរដ្ឋ និងជាឧបករណ៍សម្រាប់អនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា កម្ម វិធីបណ្តុះបណ្តាលវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ចាប់ពីជំនាន់ទី៧នេះ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ធ្វើជាម្ចាស់ពេញលេញ ដោយទទួល បន្ទុករៀបចំកម្មវិធីបណ្តុះបណ្តាលទាំងស្រុង ទាំងបច្ចេកទេស និងថវិកា ដែលថវិកាជារបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកញ្ចប់ថវិកាកំណែទម្រង់រដ្ឋបាលសាធារណៈ។ 

“វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាឱកាសដែលសិក្ខាកាមទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជួបគ្នា ស្គាល់គ្នា និងទទួលនូវបទពិសោធ នូវមេរៀនខ្លះ ដើម្បីជាគុណវុឌ្ឍ សម្រាប់ការបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើង។ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលតួនាទីភារកិច្ចស្នូលមិនដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែការរៀនការងារជាមួយគ្នាពិតជាមាសារៈសំខាន់ ក្នុងស្មារតីនៃរបៀបរបបធ្វើការ ដែលយើងគ្រប់គ្នាត្រូវចងចាំថា យើងជាមន្ត្រីរបស់រាជរដ្ឋាភិបាលតែមួយ មានភារកិច្ច និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលតែមួយ ក្នុងគោលដៅការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋ” លោកឧបនាយករដ្ឋមន្ត្រី បន្ថែម។ 

សូមជម្រាបថា វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ មានគោលបំណងចំនួន៣ គឺ៖ (១) បង្កើនសមត្ថភាពក្នុងការយល់ដឹង (Knowing)៖ បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំនិងបង្កើននូវជំនាញ និងទំនុកចិត្ត ដើម្បីបង្កើត និងអនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព (២) បង្កើនសមត្ថភាពក្នុងការបំពេញការងារ (Doing)៖ អនុវត្តនូវទ្រឹស្តីដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរតាមរបៀបថ្មីឬតាមរបៀបដែលកាន់តែឆាប់រហ័ស និងផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងនវានុវត្តន៍ និង (៣) បង្កើនសមត្ថភាពគាំទ្រគ្នា (Being)៖ ផ្នែកមួយនៃបណ្តាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាម រយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួន និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការ ដោះស្រាយបញ្ហាប្រឈម ឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print