ង៉េវ ជាកំលោះម្នាក់ដែលរស់នៅក្នុងឃុំ ស្រុក និងខេត្តជាមួយនាងសុនដែរ ប៉ុន្តែដោយគាត់មិនសង្ហាសម្បុរខ្មៅ សក់ក្រញាញ់ ទាបកន្តឿ ថែមទាំងមាត់និងភ្នែកវៀវទៀតនោះ ទើបក្រមុំនានាមិនសូវស្គាល់គាត់ និងមិនសូវចាប់អារម្មណ៍លើគាត់ទេ។ តាំងពីថ្ងៃបានជួយសង្គ្រោះនាងសុនមកង៉េវ តែងលួចញញឹមម្នាក់ឯង។ ថ្ងៃមួយង៉ែវកំពុងតែគិតស្រមៃម្នាក់ឯងក្រោមដើមត្នោតដែលដុះលម្អជាជួរតាមផ្លូវ ស្រាប់តែសំឡេងមួយបានមកកាត់សង្វាក់ក្តីស្រមៃរបស់គាត់ថា ” សមមិត្តកំពុងគិតអ្វីហ្នឹង? ញញឹមអរសប្បាយរីករាយតែម្នាក់ឯងហ្នឹង? ឱ!ប្រហែលមានស្នេហាហើយមែនទេ? ស្រឡាញ់ក្រមុំណាឆាប់ស្នើគេទៅ ប្រយ័ត្នកំលោះដទៃគេស្នើបានមុនណា។ ចំប៉ីបាននិយាយចំអន់ង៉េវ។ ង៉េវមុខឡើងក្រហមដោយសេចក្តីអៀនប្រៀនហើយឆ្លើយតបទៅចំប៉ីទាំងញ័រមាត់ញ័រកថា ខ្ញុំលួចស្រឡាញ់សុនតាំងពីពេលដែលខ្ញុំបានជួយសង្រ្គោះនាងពីសត្វពស់កំណាចនោះមកម្ល៉េះ។ នេះចំប៉ី ខ្ញុំបានព្យាយាមត្បាញកន្ទេលកក់ដោយដៃខ្ញុំផ្ទាល់ជូនសុនទុកក្រាលគេង ហើយចំប៉ីប្រាប់សុនផងថា ខ្ញុំស្រឡាញ់សុនខ្លាំងណាស់។ ខ្ញុំនឹងស្នើសុនរៀបការឆាប់ៗនេះ។ ចំប៉ីបើកភ្នែកធំៗហើយនិយាយទាំងអស់សំណើចថា ស្អីគេ? ង៉េវឯងហ្នឹងស្រឡាញ់សុន ចង់ស្នើសុនរៀបការជាមួយ? មានមើលរូបរាងមុខមាត់ខ្លួនឯងឬទេ សុនមានមនុស្សក្នុងបេះដូងរួចទៅហើយ ជាកំលោះសង្ហាឈ្មោះសមមិត្ត ធាន ។ គេទាំងពីរនាក់ស្រឡាញ់គ្នាណាស់សមគ្នាណាស់។ សុន ជាស្រីស្អាត ធាន ជាប្រុសសង្ហា ង៉េវឯងសុបិនទាំងថ្ងៃហើយ តោះទៅជីក និងសែងរែកដី ប្រយ័ត្នអង្គការយកទៅកសាង។
ពេលយប់ ចំប៉ី និងណាំបានជួបសុន ហើយបានប្រគល់កន្ទេលកក់ឲ្យសុន ថែមទាំងបានរៀបរាប់ប្រាប់សុនតាមដំណើររឿងទាំងអស់ ធ្វើឱ្យសុនកាន់តែស្អប់ង៉េវទ្វេដង។ ក្រោយពេលបានដឹងរឿងថា ង៉ែវ ស្រលាញ់ខ្លួននាងសុនមិនដែលនិយាយស្ដីរកង៉ែវទេ។ ឯង៉ែវ តែងព្យាយាមបង្ហាញទឹកចិត្តស្រឡាញ់ចំពោះនាងសុនជានិច្ច។ កន្លងទៅជាង ៣ខែការដ្ឋានជីកអាងត្រពាំងថ្មជិតរួចរាល់ហើយ។មេកងបានស្នើទៅថ្នាក់លើ ឲ្យមានការរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ក្នុងក្រុមការដ្ឋាននេះ។ ជាឱកាស ង៉ែវ បានស្នើសុំរៀបការជាមួយនឹងសុន។គ្រប់គូក្នុងការរៀបការនេះ ស្ទើរតែគ្មានគូណាដែលធ្លាប់ស្រឡាញ់គ្នាពីមុនមកសោះ។ នាងសុន នាងចំប៉ី និង នាងណាំ ជានារីដែលមានទឹកមុខក្រៀមក្រំជាងគេពីព្រោះពួកនាងមិនបានស្រឡាញ់បុរសដែលបានស្នើនាងរៀបការនោះទេ ហើយសុនក៏មានសង្សារបណ្ដូលចិត្តរួចទៅហើយដែរ។ ពួកនាងបានត្រៀមខ្លួនរួចជាស្រេចថាមិនព្រមប្រគល់ខ្លួនប្រាណឲ្យបុរសទាំងអស់នោះទេ។
ថ្ងៃរៀបការបានមកដល់អង្គការបានឲ្យយុវជន និងយុវនារីចាប់ដៃគ្នាទាំង ៣០សិបគូ ហើយប្ដេជ្ញាចិត្តចំពោះមុខអង្គការ និងទង់បក្ស។ ង៉េវ បានចាប់ដៃនាងសុនដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងទឹកមុខ ទឹកចិត្តយ៉ាងកក់ក្តៅ និងភាពស្រស់ថ្លាត្រជាក់ត្រជុំ។ រីឯនាងសុន ទឹកមុខទឹកចិត្តពោរពេញទៅដោយកំហឹង។ ការស្អប់ខ្ពើមនិងការខូចចិត្តឈឺចាប់រកទីបំផុតគ្មាន។នាងសុន នាងចំប៉ី និងនាងណាំមិនព្រមរៀបការទេ តែដោយខ្លាចអំណាចពួកខ្មែរក្រហមនាងសុខចិត្តស៊ូទ្រាំខាំមាត់សង្កត់ចិត្ត។ រាត្រីផ្សំដំណេកបានមកដល់ ង៉ែវបានយល់ដឹងគ្រប់យ៉ាងថា នាងសុនមិនបានស្រឡាញ់ខ្លួននោះទេ។ង៉ែវ ជាសុភាពបុរស ទោះបីគាត់មានរូបនិងមុខអាក្រក់ក៏ដោយ ប៉ុន្តែចិត្តគាត់ល្អបរិសុទ្ធនិងមានស្នេហាស្មោះខ្លាំងណាស់។ គាត់ស្រឡាញ់នាងសុនដោយចិត្តស្នេហ៍ភក្តីហើយហ៊ានលះបង់គ្រប់យ៉ាងដើម្បីនាងសុនបានសេចក្តីសុខ។
រីឯនាងចំប៉ី រាត្រីផ្សំដំណេករបស់នាងមិនមែនជារាត្រីទឹកឃ្មុំសម្រាប់នាងទេ។ នាងត្រូវប្ដីនាងចាប់រំលោភ។ នាងបានយកចបវាចំក្បាលប្ដីនាងរហូតដល់ស្លាប់ក្នុងថ្លុកឈាម។ ឈ្លបម្នាក់ឈ្មោះ ហាប់ បានមកឃើញហេតុការណ៍នេះហើយចាប់នាងចំប៉ីចងស្លាបសេកយកទៅវាយសម្លាប់ចោលក្នុងអាងត្រពាំងថ្មយ៉ាងសាហាវព្រៃផ្សៃ។ លុះព្រឹកឡើងនាងសុន និងនាងណាំ បានឃើញសាកសពនាងចំប៉ីដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ពួកនាងស្ទើរតែគាំងបេះដូងស្លាប់ ពួកនាងបានត្រឹមលួចយំអាណិតមិត្តដែលស្លាប់ទាំងវ័យក្មេង។ មួយសប្តាហ៍ក្រោយមកដោយរងសម្ពាធកាន់តែធ្ងន់ទៅៗពីប្ដី នាងណាំបានសម្រេចចិត្តចងកសម្លាប់ខ្លួននិងបង្អោងដើមត្នោតដោយបានសរសេរទុកលើដីថា ខ្ញុំស្អប់របបខ្មែរក្រហម។
ព្រឹកឡើងនាងសុន បានឃើញនាងណាំជាមិត្តខ្លួនបានចងកនាងស្ទើរតែឆ្កួតស្លាប់។ នាងសុន អានពាក្យដែលនាងណាំបានសរសេរហើយនាងយំបោកខ្លួននឹងដីយ៉ាងខ្លាំង។ មួយខែកន្លងផុតទៅរាត្រីកាលបានចូលមកដល់ឈ្លបហាប់បានមកលបលួចលាក់ខ្លួនពួនកាយក្បែរកន្លែងនាងសុន និងប្ដីនាងដេក ហើយក៏បានដឹងថា នាងក្បត់អង្គការ ដោយមិនព្រមឲ្យប្ដីរួមរ័កជាមួយ។
ឈ្លកហាប់: នាងសុន ក្បត់អង្គការឬ? ព្រឹកនេះអញចាប់យកទៅកសាងអប់រំសីលធម៌ហើយត្រៀមខ្លួន ។ ហ៊ិះ.ស្រីចង្រៃ។
នាងសុន: ឱពុទ្ធោអើយ! ខ្ញុំមិនទាន់ចង់ស្លាប់ទេ ខ្ញុំចង់រួមរស់ជាមួយបងធានសង្សារបណ្ដូលចិត្តរបស់ខ្ញុំ ង៉េវ ជួយខ្ញុំផងៗ ។
ង៉េវ: ឈប់យំទៅសិនព្រឹកនេះនាងមិនស្លាប់ទេ។
ព្រឹកឡើង ង៉េវ បានចូលខ្លួនឲ្យឈ្លបហាប់ចាប់ចងដោយកុហកថាខ្លួនជាអ្នកក្បត់អង្គការ មិនមែននាងសុនទេ។ មានមនុស្ស ១០ នាក់ដែលឈ្លបហាប់បានអូសក្បាលយកទៅវាយចោលក្នុងរណ្ដៅក្នុងព្រៃក្បែរភូមិមួយមិនឆ្ងាយពីអាងត្រពាំងថ្ម។ ជនទី ១០ដែលធ្លាប់ហាប់វាយសម្លាប់នឹងត្បូងចបនោះគឺ ង៉េវ ។ (នៅមានត)
