ភ្នំពេញ៖ លោកឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នបម្រើការនៅក្រសួងមហាផ្ទៃរងនូវការចោទប្រកាន់ថា បានចេញសែកអត់ប្រាក់ចំនួន៣០ម៉ឺនដុល្លារ ហើយត្រូវតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែសីហា ផ្ញើនៅអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ារូបនេះចូលខ្លួន មកឆ្លើយបំភ្លឺជាលើកទី២ ហើយលើកទី១ មិនបានចូលខ្លួននោះ ។
លោកឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ត្រូវបានជនរងគ្រោះឈ្មោះ លី ហាក់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅផ្ទះលេខ១៧៣ ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្តឹងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ លើទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ។ នៅក្នុងពាក្យបណ្តឹង លោក លី ហាក់ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ លោកឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល ដែលជាអ្នករាប់អានជាមួយគាត់ដ៏ស្និទ្ធស្នាលបំផុត បានមកលួងលោម ខ្ចីប្រាក់ចំនួន៣០ម៉ឺនដុល្លារ ដែលអះអាងថា ត្រូវការចាំបាច់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហា និងទិញរថយន្តចំនួន១០គ្រឿង ។
លោកលី ហាក់ បន្តថា ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល បានប្រាប់គាត់ថា ប្រាក់តម្រូវការនេះមានចំនួនច្រើន ដូច្នេះសុំខ្ចី ចំនួន៣០ម៉ឺនដុល្លារនេះ និងកំណត់សងវិញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ លុះដល់ថ្ងៃកំណត់ដូចខាងលើ ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផលបានប្រាប់គាត់ថា មានប្រាក់ត្រឹមតែ៣០ម៉ឺនដុល្លារប៉ុណ្ណោះ ហើយនៅសល់ប៉ុន្មាន សុំ១សប្តាហ៍ទៀតនឹងសងបង្គ្រប់ចំនួន៨២.៥៥៤ដុល្លារទៀត ។ ពេលនោះ គាត់ក៏បានប្រគល់សែកមួយសន្លឹកលេខ ៤២៣៦០៨ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ចុះនិទ្ទេសទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា អ៊ឹម ភ័ណ្ឌសុផល អតីតអភិបាលរងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១៩ ED ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ដែលបច្ចុប្បន្នធ្វើការនៅក្រសួងមហាផ្ទៃ គាត់បានលួងលោមខ្ចីប្រាក់ទាំងនេះអាចជាសាច់ប្រាក់សុទ្ធ ទើបពេលប្រគល់ឲ្យជនរងគ្រោះ គាត់បានអះអាងថា គាត់មិនចង់យកប្រាក់សុទ្ធដ៏ច្រើនបែបនេះមកឲ្យទេ គឺយកជាសែកនេះចុះ ប៉ុន្តែដល់ពេលសាមីខ្លួនទៅបើក សែកមួយសន្លឹកនេះគ្មានសាច់ប្រាក់ ទើបឈានដល់មានបណ្តឹង និងឃាត់ខ្លួន ៕
ដោយ៖ សុខ ខេមរា