ភ្នំពេញ ៖ ទីតាំងបើកបនល្បែងស៊ីសងមួយកន្លែងយ៉ាងធំ ត្រូវបានគេដឹងថា ប្រមូលផ្តុំសុទ្ធតែអ្នកមានមុខ មានមាត់ ភរិយាលោកធំ ក៏ដូចជាស្រីលោកធំ និងក្រុមអ្នកញៀនល្បែងស៊ីសងនៅឯកាស៊ីណូជាដើម បានមកលេងនៅទីនោះ យ៉ាងសុខសាន្ត បន្ទាប់ពីមេបនល្បែង មានទំនាក់ទំនងខ្ពស់ ល្អ ជាមួយសមត្ថកិច្ចអាជ្ញាធរ ជាពិសេសអ្នកធំ ជួយផ្តាំផ្ញើ ក៏អាចថាបាន ។
ទីតាំងបនល្បែងនោះ ស្ថិតក្នុងផ្ទះវីឡាដ៏ធំលេខ ៣៣ ផ្លូវសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងមានអ្នកយាមកាម ត្រឹមត្រូវដូចជាផ្ទះអ្នកធំ ក្នុងនោះ គេសង្កេតឃើញមានរថយន្ត ចេញ ចូល គ្រប់ប្រភេទ ហើយមានសមត្ថកិច្ចជាអ្នកចេញមុខបើក គឺឈ្មោះ ទ័រ រួមគ្នាជាមួយចែ ពៅ បើកដំណើរការយូរមកហើយ ។ ករណីទីតាំងនេះ ត្រឹមអាជ្ញាធរមូលដ្ឋាន ប្រហែលជាមិនហ៊ាន ព្រោះចែ ពៅ មានទម្លាប់ចាយលុយច្រើនសម្រាប់ថ្នាក់លើ និងបើកល្បែងស៊ីសងនេះ មិនមែនត្រឹមតែទីតាំងផ្ទះលេខ៣៣ ក្នុងខណ្ឌដូនពេញនេះទេ ស្ទើរគ្រប់ខណ្ឌ ។ កន្លងទៅ ចែ ពៅ ត្រូវសមត្ថកិច្ចចាប់ញយដង តែចាប់មិនជាប់ ជាប់តែអ្នកលេង សម្រាប់គាត់វិញ មិនបាន៥នាទីទេ នឹងមានឱកាសដើរចេញពីសមត្ថកិច្ច ក៏ដូចជាតុលាការ ទើបមកទល់បច្ចុប្បន្ន គាត់កាន់តែពង្រីកទីតាំងបនល្បែងស៊ីសងនេះយ៉ាងទូលំទូលាយនៅក្នុងរាជធានីភ្នំពេញ ។
គួររំលឹកថា ចែ ពៅ បើកស្ទើរគ្រប់ខណ្ឌ ហើយការចុះបង្ក្រាបរបស់សមត្ថកិច្ចសម្រាប់ទីតាំងចែពៅ ដែលគេទម្លាប់និយាយដោយការចំអកថា បង់លុយមិនទៀតទាត់ ឬមិនស្របតាមបំណងប្រចាំខែ ពេលបង្ក្រាបម្តងៗ លេចមុខ លេចមាត់អស់ហើយ ភរិយាលោកធំមួយចំនួន និងស្រីកំណាន់ចិត្តតាតាជាដើម ឲ្យប្រសេកប្រសាច ។
បនល្បែងស៊ីសងគឺជាប្រភពកើតឲ្យមានបទល្មើស អំពើលួចឆក់ប្លន់ ការបាញ់សម្លាប់មនុស្សជាដើម ទាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងខណ្ឌតែងតែលើកជាប្រចាំនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីការរស់នៅសុខសាន្តដល់ប្រជាពលរដ្ឋ ដូច្នេះ ជុំវិញព័ត៌មានទីតាំងបនល្បែងខាងលើនេះ គួរណាស់តែអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាស្ថាប័នអយ្យការត្រូវចាត់វិធានការបង្ក្រាប ទោះជាស្ថិតក្នុងកម្រិតអ្នកធំ នៅពីក្រោយយ៉ាងណាក៏ដោយ ព្រោះនេះជាអំពើល្មើសច្បាប់ ៕
ដោយ៖ ស ដារ៉ា