ភ្នំពេញ៖ ស្រ្តីម្នាក់ចំណាស់ម្នាក់បានខលពឹងអ្នករត់ម៉ូតូកង់បីម្នាក់អោយជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ អោយ ជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសម្នាក់ទៀតផង ដោយគាត់ប្រាប់ថា ត្រូវបានកូនស្រីបង្កើតរបស់គាត់ម្នាក់ ចាក់សោបង្ខាំងរូបគាត់និងចៅប្រុសខាងលើនៅក្នុងផ្ទះមួយកន្លែង ហើយដោយគាត់មានការព្រួយបារម្ភខ្លាចកូនស្រីរូបនោះចាក់សាំងដុតផ្ទះ សម្លាប់រូបគាត់និងចៅប្រុស ទើបប្ដឹងនគរបាលអោយជួយ ។
ហេតុការនោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្រ្តីចំណាស់រូបនោះខាងលើ ឈ្មោះលី កេន អាយុជាង៦០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុស្ថិតនៅក្នុងភូមិខាងលើ ចំណែកកូនស្រីដែលចាក់សោរ បង្ខាំងគាត់និងចៅប្រុសនៅក្នុងផ្ទះនោះឈ្មោះប៉ុល ដានី អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិនោះដែរ រីឯចៅប្រុសមិនត្រូវបានស្គាល់ឈ្មោះទេ។
ស្រ្តីចំណាស់រូបនោះបាននិយាយថា ចៅប្រុសខាងលើត្រូវជាកូនបង្កើតរបស់ស្រ្តីឈ្មោះប៉ុល ដានី (ជនសង្ស័យ) ដែលជាកូនស្រីរបស់គាត់ ប៉ុន្តែមិនបានទៅរស់នៅផ្ទះជួលជាមួយម្ដាយនោះទេ គឺបានស្នាក់នៅជាមួយគាត់ដែលជាជីដូន ។ ចំណែកកូនស្រីម្នាក់នោះ(ជនសង្ស័យ) អត់មានធ្វើការអីទេ ហើយស្នាក់នៅផ្ទះជួលផ្សេង ប៉ុន្តែអោយតែដល់ពេលថ្ងៃត្រង់បានមកហូបបាយជាមួយគាត់រាល់ថ្ងៃ ហើយគាត់មិនបានដឹងថា នាងមានបញ្ហាផ្លូវចិត្តឬអ្វីនោះដែរ តែកន្លងមកតែងតែទៅរករឿងអុកឡុកគាត់ស្ទើររាល់ថ្ងៃ ។
ស្រ្តីចំណាស់ដដែលបាននិយាយបន្តទៀតថា នៅមុនពេលកើតហេតុកូនស្រីគាត់រូបនេះបានទៅយកកូនប្រុសរបស់ខ្លួន(ចៅប្រុសគាត់)ទៅធ្វើការ ពេលនោះគាត់បានប្រាប់ចៅថាទៅក៏ទៅចុះ ប៉ុន្តែចៅប្រុសមិនព្រមទៅតាមម្ដាយរបស់គេទេ ។ ខណៈនោះស្រាប់តែកូនស្រីរូបនោះខឹងក៏បានយកសោចាក់ទ្វាររបង និងយកដែកកាងព្យួរខោអាវចងទ្វារផ្ទះបង្ខាំងរូបគាត់និងចៅប្រុស រួចគំរាមថាបើគាត់ហ៊ានតែប្ដឹងប៉ូលិសនាងនិងសម្លាប់គាត់ចោលភ្លាម ។ ដោយសារតែខ្លាចកូនស្រីដុតផ្ទះបណ្ដាលអោយគាត់និងចៅប្រុសស្លាប់ ទើបគាត់ខលពឹងអ្នករត់ម៉ូតូកង់បីម្នាក់ដែលជាអ្នកស្គាល់គ្នាអោយជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍រំដោះរូបគាត់និងចៅប្រុសតែម្ដង ។
នគរបាលបាននិយាយថា ពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចេញទៅកាន់ទីនោះភ្លាម ហើយពេលទៅដល់បានឃើញទ្វាររបងជាប់សោ និងទ្វារផ្ទះចងដោយដែកកាងព្យួរខោអាវ ។ បន្ទាប់ពីស្រាយចូលទៅ បានឃើញស្រ្តីចំណាស់ខាងលើរួមនិងចៅប្រុសស្ថិតនៅក្នុងផ្ទះនោះមែន រីឯកូនស្រីគាត់ដែលជាជនសង្ស័យ ក្រោយពេលដឹងថាគាត់ខលពឹងអ្នករត់ម៉ូតូកង់បីអោយជួយប្ដឹងនគរបាល ក៏បានរត់គេចខ្លួនបាត់ស្រមោល ៕ ដោយ៖សុខាសែនជ័យ