ឯកឧត្ដម ឃួង ស្រេង៖ ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងលើគម្រោងពីរ ជាមួយស្ថានទូតជប៉ុន និងរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

       គម្រោងចំនួនពីររួមមាន៖១.គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ”ក្នុងថវិកា គម្រោងចំនួន៨៣.៦៧២ដុល្លារអាមេរិក។ រថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការ សង្រ្គោះ។ ២.គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ”ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក។ គម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្រ្គោះបន្ទាន់ចំនួន ០១គ្រឿង ជាប្រភេទពន្លតអគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រចំនួន ០១គ្រឿង។ 

   ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជា ថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញជារៀងរហូតមក ជាពិសេសគម្រោងដែលបានចុះហត្ថលេខានាពេលនេះ គឺមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍។ 

   ឯកឧត្តមអភិបាលរាជធានីបានបង្ហាញក្តីសង្ឈឹមយ៉ាងមុតមាំថាតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យនាពេលនេះ គឺជាតម្រូវការចាំបាច់ចំពោះមុខ និងទាន់ពេលវេលា ដើម្បី ធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង៕  ដោយ .សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print