ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១នឹ៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមនៅមុនពេលកេីតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2CB-3448 បេីកបរដោយបុរសម្នាក់បេីកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន ខណៈបេីកមកដល់ចំណុចកេីតហេតុបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយបណ្តាលឲ្យរងការខូចខាតរថយន្តបែកធុងប្រេងហូរពេញផ្លូវ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបេីកបរឡេីយ ក្រោយកើតហេតុអ្នកបេីកបរបានចុះពីរថយន្ដហេីយគេចខ្លួនបាត់ ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកស្ទូចយករថយន្តបង្កយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ