ខេត្តពោធិ៍សាត់៖ រថយន្តសេរីទំនើបម៉ាកលិចស៊ីស 570 បើកជែងលឿនដូចហោះបានជ្រុលបុកម៉ូតូវ៉េវទាំងកម្រោល ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាបណ្ដាលឲ្យភាគ្គីម្ចាស់ម៉ូតូរបួសធ្ងន់បាក់ជើងម្ខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកលិចស៊ីស 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3888 បើកបរដោយឈ្មោះ សោម ពឿន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍ខាងលើគេឃើញរថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបើកជែងរថយន្ត១គ្រឿងទៀតក្នុងល្បឿនលឿនដូចហោះក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូ១ គ្រឿងពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង បុរសម្ចាស់ម៉ូតូម៉ាកវ៉េវអាលហ្វា ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា តុលា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសធ្ងន់បាក់ជើងឆ្វេង)។
ប្រភពបន្តទៀតថា ជនរងរបួសត្រូវបានគេបញ្ជូនទៅសង្គោះនៅមន្ទីរបង្អែកស្រុកក្រគរ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តបង្កសមត្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕
ដោយ៖ ប៉ឹម ពិន