ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានធ្លាក់ទៅក្នុងទឹកលិចបាត់រហូតដល់លង់ស្លាប់ក្នុងពេលដែលបុរសរូបនេះកំពុងតែបើកកាណូតតែម្នាក់ឯង ។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅតាមប្រឡាយក្បែរជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុងទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ភា ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធនិងមានកូនតូចម្នាក់នៅក្នុងបន្ទុក និងមានទីលំនៅក្នុងភូមិ ឃុំខាងលើ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបើកកាណូតបាឡាស្មាច់របស់ខ្លួនតែម្នាក់ឯង ។ លុះមកដល់ចំណុចកើតហេតុទំនងជនរងគ្រោះវិលមុខឬខ្យល់គរបានធ្លាក់ពីលើកាណូតលិចទៅក្នុងទឹកបាត់តែម្តង ។ រីឯកាណូតបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបង្ករឲ្យមានភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីបានឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋបាននាំគ្នាចុះទឹកមុចទឹករាវរកភ្លាមៗដែរ ប៉ុន្តែប្រើរយៈពេលយូរទើបរកឃើញ ពេលឃើញជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ ៕
ដោយ៖ ចន្ថា