រឿង គ្រួសារខ្ញុំក្នុងរបបវាលពិឃាត (ត)

ចែករំលែក៖

ប្រាកដណាស់ថា ក្នុងសម័យខ្មែរក្រហមប្រជាជនទាំងអស់ហូបមិនដែលបានឆ្អែតគ្រប់គ្រាន់ម្ដងណាឡើយ ទោះបីក្នុងសហករណ៍ស្ដុកខ្លានេះមានរបបអាហារជាបាយហើយមិនហូបបបរដូចសហករណ៍ដទៃក៏ដោយ ក៏យើងនៅតែខ្វះខាតហូបមិនឆ្អែត។
ខ្ញុំមានបងប្រុសចំនួន ៤ នាក់គឺរ័ត្នផល្លា រ័ត្មសុខា រត្នសេដ្ឋា និងរ័ត្នសុវត្ថា ត្រូវបានខ្មែរក្រហមបំបែកឲ្យទៅនៅដោយឡែកពីគ្នា។ អ្នកខ្លះរស់នៅក្នុងសហករណ៍ស្ដុកខ្លា អូរចែង ស្រោង និងសហករផ្សេងៗដែលនៅឆ្ងាយពីគ្នា។ចំណែកឯប្អូនស្រីរបស់ខ្ញុំម្នាក់នៅតូចកើតជំងឺកញ្ជ្រឹលគ្មានថ្នាំផឹកព្យាបាលទេ។
មានពេលម្ដងនោះ ខ្ញុំឃ្លានបាយខ្លាំងពេក ខ្ញុំបានលបចូលទៅលួចត្រីប្រហុកដែលគេហាលក្បែរសហករណ៍។ ខ្ញុំលួចបានមិនជាច្រើនប៉ុន្មានទេរួចដើររកភ្លើងដើម្បីដុតត្រីនោះស៊ី។ ខ្ញុំបានទៅដល់ផ្ទះមួយនៅដាច់ស្រយាលពីគេ ហើយឃើញមានចង្ក្រានសុទ្ធតែរងើកភ្លើងក្រហមរងាល។ មិនបង្អង់យូរខ្ញុំដាក់ត្រីនោះដុតក្នុងភ្លើងរហូតដល់ឆ្អិន។ ថ្ងៃនោះខ្ញុំសប្បាយចិត្តណាស់កាន់ត្រីស៊ីបណ្ដើរ ដើរបណ្ដើរតម្រង់មកផ្ទះ។
* រឿងរ៉ាវសម្លាប់មនុស្សក្នុងសហករណ៍ស្តុកខ្លា÷
ជារឿយៗ យើងឃើញគេចងបណ្ដើរមនុស្សយកទៅសម្លាប់ចោលនៅក្នុងសហករណ៍ស្ដុកខ្លា ដែលទ្រង់គ្រួសាររបស់ខ្ញុំរស់នៅ។ អ្នកទោសខ្លះមានទោសដោយសារអង្គការចោទប្រកាន់ថាមានជាប់ទាក់ទងនឹងរបបចាស់ អ្នកខ្លះមានទោសព្រោះតែនិយាយពីទុក្ខលំបាក ឬ ពាក្យសំដីមិនពេញចិត្តនឹងអង្គការ ហើយត្រូវបានកងឈ្លបស្ដាប់ឮ។ ចំណែកអ្នកខ្លះទៀត មានទោសព្រោះលួចរត់ចេញពីសហករណ៍មួយទៅសហករណ៍មួយទៀត។ ចំណែកឯទោសធ្ងន់ជាងគេនោះគឺ ការលួចរបស់របររបស់អង្គការដោយសារស្រែកឃ្លាន។អ្នកទោសខ្លះត្រូវអង្គការនាំយកទៅសម្លាប់ចោលនៅវេលាយប់ស្ងាត់មិនឲ្យអ្នកនៅក្នុងសហករណ៍ដឹងទេ សូម្បីតែក្រុមគ្រួសារបានត្រឹមដឹងថា គេនាំយកទៅរៀនសូត្រតែប៉ុណ្ណោះ។ ឯអ្នកទោសខ្លះទៀតត្រូវអង្គការចងបណ្ដើរទាំងកណ្ដាលថ្ងៃ ពីដើមភូមិដល់ចុងភូមិ និងបង្ខំឲ្យស្រែកខ្លាំងៗថា បងប្អូនអើយកុំយកតម្រាប់តាមខ្ញុំ ខ្ញុំខុសហើយបងប្អូនអើយ ៗ ! រួចអង្គការនាំដើរបង្ហួសសំដៅទៅកាន់កន្លែងសម្លាប់។ ( នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print