ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានឱ្យដឹងនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ សូមជម្រាបជូនដំណឹងថានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក) អង្គភាពសុីម៉ាក់បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពសុីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលេីកលែង(waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបេីកនិងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡេីងវិញតាមកិច្ចសន្យាដែលមានស្រាប់។
ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។
ទន្ទឹមនឹងនេះ លោកអគ្គនាយកស៉ីម៉ាក់ ក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រោមជ្រែងស្នេីសុំទៅរដ្ឋាភិបាលឱ្យលេីកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡេីងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕
ដោយ៖តារា