ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តជម្រុញ ទៅគ្រប់បណ្ដាកងឯកភាពចំណុះត្រូវពង្រឹងដល់កម្លាំងប្រចាំការទាំងអស់ចូលរួមសហការគ្នាអោយបានស្អិតរមួតល្អថែមទៀតជាមួយកងកម្លាំងដែលពាក់ព័ន្ធក្នុងការចេញប្រតិបត្តិការ ត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធលេណដ្ឋានអោយបានរឹងមាំ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលអាចកើតមានឡើង ។
លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ក្នុងកំឡុងពេលអាកាសធាតុកំពុងប្រែប្រួលនេះ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕
ដោយ ៖ សិលា