ខេត្តកណ្តាល៖ បុរសម្នាក់ទំនងជាខឹងនឹងស្ត្រីជាប្រពន្ធហាមមិនឲ្យផឹកស្រាច្រើន និងមិនអង្គុយហូបបាយជាមួយក៏ដើរចុះពីលើផ្ទះទៅចង.កនៅលើដើមស្វាយស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គៀង គី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះបានសុំលុយស្ត្រីជាប្រពន្ធចំនួន១ពាន់រៀល ដើម្បីយកទៅទិញស្រាថ្នាំផឹក ។ បន្ទាប់ពីបានលុយទិញស្រាថ្នាំផឹកអស់ហើយនោះ ជនរងគ្រោះក៏បានសុំលុយស្ត្រីជាប្រពន្ធចំនួន១ពាន់រៀលទៀត ដើម្បីទិញស្រាយកមកផឹកបន្ត គ្រានោះស្ត្រីជាប្រពន្ធមិនព្រមឲ្យដោយនិយាយថា «កុំផឹកច្រើនពេកព្រោះស្រវឹងហើយ» ។ ឆ្លើយតបទៅនឹងស្ត្រីជាប្រពន្ធ ជនរងគ្រោះបាននិយាយវិញថា «ឯងចាំមើលអញផឹកស្រាទាល់តែងាប់» ។
ប្រភពដដែលបានបន្តទៀតថា ឮដូច្នេះស្ត្រីជាប្រពន្ធមិនបានតបតអ្វីឡើយ ក៏ដើរឡើងទៅលើផ្ទះបាត់ទៅ ហើយជនរងគ្រោះជាប្តីបានឡើងទៅតាមក្រោយ ។ ពេលទៅដល់ជនរងគ្រោះបានហៅស្ត្រីជាប្រពន្ធរៀបបាយហូបជុំគ្នា តែស្ត្រីជាប្រពន្ធមិនព្រមហូបជាមួយ ទើបជនរងគ្រោះអង្គុយហូបបាយម្នាក់ឯង ។ បន្ទាប់ពីហូបបាយរួចជនរងគ្រោះក៏បានដើរចុះពីលើផ្ទះបាត់ទៅ មួយសន្ទុះក្រោយមិនឃើញជនរងគ្រោះឡើងទៅលើផ្ទះវិញ ស្ត្រីជាប្រពន្ធបានដើរតាមរករហូតប្រទះឃើញប្តីចង.កនៅលើដើមស្វាយស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយពីឃើញដូច្នេះស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារសាច់ញាតិបានយកជនរងគ្រោះចុះតម្កល់លើគ្រែក្រោមផ្ទះ ទើបរាយការណ៍ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ