អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២០ខែកុម្ភៈ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសG20នៅទីក្រុងJohannesburgប្រទេសអាហ្វ្រិកខាងត្បូង លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ទំនាក់ទំនងជាដៃគូសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីកំពុងឆ្ពោះទៅកាន់កម្រិតកាន់តែខ្ពស់ និងវិស័យកាន់តែទូលំទូលាយ។ឆ្នាំនេះគឺខួប៨០ឆ្នាំនៃការទទួលជ័យជម្នះពីសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក និងការបង្កើតអង្គការសហប្រជាជាតិ ដែលប្រកបដោយអត្ថន័យប្រវត្តិសាស្រ្ត។ ភាគីទាំងពីរចិននិងរុស្ស៊ីគួរតែចាត់ទុកការរួមគ្នារំលឹកខួប៨០ឆ្នាំនេះជាឱកាសដើម្បីផ្សព្វផ្សាយទស្សនៈដ៏ត្រឹមត្រូវអំពីប្រវត្តិសាស្ត្រសង្រ្គាមលោកលើកទី២ គាំពារយ៉ាងមុតមាំចំពោះប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល ការពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្តាប្រទេសសកលខាងត្បូងលើទូទាំងពិភពលោក ដើម្បីជំរុញការកសាងពហុប៉ូលពិភពលោកដ៏ស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយាកម្មសេដ្ឋកិច្ចដែលមានអនុគ្រោះជាទូទៅនិងបរិយាបន្ន៕
ដោយ ៖ សិលា