ក្រសួងអប់រំយុវជននិងកីឡាបើកកិច្ចប្រជុំពិនិត្យសូចនាករ និងការវិភាគស្ថានភាពអប់រំរយៈពេល ៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យសូចនាករ និងការវិភាគស្ថានភាពអប់រំរយៈពេល ៥ឆ្នាំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

គោលបំណងនៃការរៀបចំឯកសារវិភាគនេះ គឺដើម្បីសិក្សាបន្ថែមទៅលើនិន្នាការប្រែប្រួលរយៈពេល៥ឆ្នាំ សម្រាប់ថ្នាក់ជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៃសូចនាករអប់រំគន្លឹះមួយចំនួន។ ការកំណត់បញ្ហាប្រឈម អាទិភាព និងដោះស្រាយ ជាពិសេសជំនួយដល់ ការប្រើប្រាស់ស្ថិតិ និងសូចនាករអប់រំ ស្របតាមបច្ចុប្បន្នភាពនៃការធ្វើផែនការយុទ្ធសាស្រ្តវិស័យអប់រំ ការឆ្លើយតបទៅនឹងសូចនាករសមិទ្ធកម្ម និងសូចនាករយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារ បណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ឱ្យបន្តពិនិត្យតាមដានទិន្នន័យបន្ថែម ជា ពិសេសពាក់ព័ន្ធនឹងទិន្នន័យដែលនៅតំបន់ខេត្ត ដោយរៀបចំយន្តការត្រួតពិនិត្យ និងវាយតម្លៃច្បាស់លាស់លើទិន្នន័យសិស្សចូលរៀន និងសិស្សបោះបង់ចុងឆ្នាំ ធ្វើការចុះទស្សនកិច្ចពិនិត្យស្ថានភាពសាលារៀនដោយផ្ទាល់ ដើម្បីយល់ដឹងច្បាស់ពីស្ថានភាពជាក់ស្តែង ប្រើប្រាស់លេខសម្គាល់ (ID) និងសំបុត្រកំណើត ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់សិស្សឱ្យបានច្បាស់ ងាយស្រួលក្នុងការវិភាគ និងផ្ទៀងផ្ទាត់ទិន្នន័យនឹងរបាយការណ៍ ក្នុងគោលដៅធានាបានសុក្រឹតភាពការងារ។ 

បន្ថែមលើនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធ ឱ្យសិក្សាលម្អិតបន្ថែមពីអត្រាសិស្សបោះបង់ និងអត្រាសិស្សត្រួតថ្នាក់ ព្រមទាំងបញ្ហាខ្វះគ្រូ និងខ្វះបន្ទប់រៀន ដើម្បីរៀបចំបង្កើតជាសូចនាករនានា ឆ្លើយតបនឹងបញ្ហាទាំងនេះ ជាពិសេសសូមឱ្យនាយកដ្ឋានពាក់ព័ន្ធទាំងអស់ អនុវត្តតាមនីតិវិធី និងយន្តការ ដែលបានជជែកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំនេះ។

ក្រសួងអប់រំយុវជន និងកីឡាបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០២៤-២០២៨ ដោយបានរៀប ចំស្របទៅនឹងអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ការវិភាគស្ថានភាពអប់រំ ការកំណត់ទិន្នន័យមូលដ្ឋាន ការពិនិត្យតាមដានវឌ្ឍនភាពតាមឆ្នាំ ផ្អែកលើទិន្នន័យប្រមូលបានពីសាលារៀនជារៀងរាល់ឆ្នាំ។ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (EMIS) ដើរតួនាទីសំខាន់ក្នុងការប្រមូល វិភាគ ផលិត បោះពុម្ពចែកផ្សាយស្ថិតិ សូចនាករអប់រំសម្រាប់រៀបចំសន្និបាតអប់រំរៀងរាល់ឆ្នាំ ការសិក្សាស្រាវជ្រាវ និងការផ្តល់ធាតុចូលទៅថ្នាក់តំបន់ និងសកលលោក (UNESCO-UIS)។

គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំក្រសួងបានពិនិត្យកែ សម្រួលកម្រងសំណួរ និងសេចក្តីណែនាំបំពេញ ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យអប់រំសម្រាប់សាលារៀននីមួយៗ ការបំពេញ និងបញ្ចូលទិន្នន័យដោយប្រមូលបូកសរុបស្ថិតិជាក់ស្តែងពីថ្នាក់រៀននីមួយៗ។ មន្ទីរអប់រំ យុវជន និងកីឡាត្រូវបង្កើតគណៈកម្មការចម្រុះជំនាញតាមអនុវិស័យ (កុមារតូច, បឋមសិក្សា, មធ្យមសិក្សា) ស្តីពីការប្រមូលស្ថិតិអប់រំតាមសាលារៀនសាធារណៈ។ គណៈកម្មការនេះមានភារកិច្ចផ្សព្វផ្សាយ និងអនុវត្តសេចក្តីណែនាំពាក់ព័ន្ធ នឹងដំណើរការប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ឆ្នាំសិក្សា ២០២៤-២០២៥។ ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបន្តផ្សព្វផ្សាយសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការបំពេញ និងប្រមូលស្ថិតិអប់រំ ព្រមទាំងចុះធ្វើការសម្របសម្រួល និងជំរុញសាលារៀនឱ្យបំពេញតារាងជំរឿនស្ថិតិសាលារៀន និងបញ្ចូលទិន្នន័យឱ្យបានចប់សព្វគ្រប់ទៅក្នុងប្រព័ន្ធ ក្រោយពីទទួលបានការ ណែនាំពីមន្ទីរអប់រំ យុវជន និងកីឡា។ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ពិនិត្យផ្ទៀងផ្ទាត់ បូកសរុប និងផលិតស្ថិតិ សូចនាករអប់រំ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print