ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងថ្នាលអភិវឌ្ឍសមត្ថភាព (CDP) ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងថ្នាលអភិវឌ្ឍសមត្ថភាព ដោយមានការចូលរួមពី លោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលចាំសមាជិកគណៈកម្មការគ្រប់គ្រង។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង រៀបចំផែន ការយុទ្ធសាស្ត្រអភិបាលកិច្ចថ្នាលអភិវឌ្ឍសមត្ថភាព (CDP) តាមរយៈការប្រមូលធាតុចូលពីសមាជិកគណៈកម្មការគ្រប់គ្រងថ្នាល ដើម្បីផ្ដល់នូវក្របខណ្ឌជាក់លាក់សម្រាប់ការប្រតិបត្តិគ្រប់គ្រងថ្នាលអភិវឌ្ឍសមត្ថភាព ក្នុងគោលបំណងធានាឱ្យបាននូវនិរន្តរភាព និងអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន គ្រូឧទ្ទេស បុគ្គលិកអប់រំក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
ថ្នាលអភិវឌ្ឍសមត្ថភាព (CDP) គឹជាគំនិតផ្ដួចផ្ដើមសំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រគោលនយោបាយការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា ដើម្បីឈានទៅរកការសម្រេចគោលដៅពង្រឹងគុណភាពអប់រំនៅកម្ពុជា៕