សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖ គ្រាប់មីន​ និងគ្រាប់បែកចង្កោម នៅបន្តផ្តល់ទុក្ខទោសដល់ប្រជាពលរដ្ឋ និងកុមារកម្ពុជានៅឡើយ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​អំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់។

ចំពោះ​ការអំពាវនាវរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានធ្វើឡើងនៅក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី២៦ នៃ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥នេះក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព»។

សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានគូសបញ្ជាក់ថា កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន៣៤៨គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន១ ២២៨,៧គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចឱ្យបានតាមគោលដៅថ្មីគឺ «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម»។ ដូចនេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។

គួររម្លឹកថា​ កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋនិងកុមារកម្ពុជា ៤៩នាក់ បានទទួលរងគ្រោះដោយសារគ្រាប់មីននិង គ្រាប់បែកចង្កោម។

ផលវិបាកនេះគឺដោយសារសង្គ្រាមបានបន្សល់ទុកនូវមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាល ឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ បានរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្ក ឡើងដោយសារគ្រាប់មីននិងគ្រាប់បែកចង្កោមទាំងនោះ។

ខ្លឹមសារសារលិខិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

ទន្ទឹមនេះកាលពីឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបាន បង្កើត «មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម

...

ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។ មីនប្រឆាំង មនុស្សចំនួន១ ១៩៧ ២១៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៦ ៥៦៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១៧ ៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៩១ ១១១គ្រាប់។​ ការបោសសំអាតមីនបានជួយកាត់បន្ថយ ចំនួនជនរងគ្រោះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤កន្លងនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print