ខេត្តកំពង់ធំ÷ យុវជនពីរនាក់ជាបុគ្គលិកដេប៉ូស្រាបៀរកម្ពុជាបានជិះម៉ូតូម៉ាក Dream C125 ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ធំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើត ឡើងកាលពីម៉ោង ២០និង១៥ នាទីយប់ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចផ្លូវអាស៊ាន វាងផ្សារកំពង់ថ្ម ក្នុងភូមិធន់មោង ឃុំកំពង់ថ្ម។
ជនរងគ្រោះឈ្មោះ ស្រី យ៉ាង ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)និងឈ្មោះវ៉ន ឌុន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ)។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរបានផឹកស៊ីនៅភូមិបន្ទាយយវរាជ មុននឹងជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ចេញពីជើងទៅត្បូងដោយគ្មានគោលដៅ។ ដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុកដើមអាការស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ រីឯម្នាក់ទៀតស្លាប់បន្ទាប់ពីយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះទាំង២ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។
អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រយ័ត្នក្នុងការបើកបរ និងរក្សាសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់៕