ខ្សែបម្រើវ័យជ្រេ Luka Modric បានស៊ុតបាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងតង់ទីមួយ និងការស៊ុតបញ្ចូលទីចុងម៉ោងរបស់ Vinicius Jr បានជួយឲ្យ Real Madrid ទទួលបានជ័យជម្នះ ២-០ លើក្រុម Girona ក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ការមិនឈ្នះ៣ប្រកួតក្នុងលីក និងបានជួយក្រុមម្ចាស់ជើងឯកឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២នៅ La Liga តាមពីក្រោយ Barcelona ជាមួយនឹងចំនួនគ្រាប់បាល់ខុសគ្នា។
គូប្រជែង Barcelona បានកាន់កាប់តំណែងកំពូលតារាង ដោយ Real ឈរនៅលេខរៀងទី២ លើគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយក្រុម Atletico Madrid ចាញ់១ពិន្ទុតាមពីក្រោយឈរនៅចំណាត់ថ្នាក់លេខ៣។
ជាមួយនឹងខ្សែបម្រើជម្រើសជាតិអង់គ្លេស Jude Bellingham ដែលបានមើលក្រៅកៅអីបម្រុង បន្ទាប់ពីទទួលបានកាតក្រហមកាលពីអំឡុងប្រកួតជាមួយ Osasuna។ ខ្សែបម្រើ Modric បានបើកការស៊ុតបញ្ចូលទីជាមួយនឹងការស៊ុតពីចម្ងាយយ៉ាងអស្ចារ្យផុតដៃអ្នកចាំទី Paulo Gazzaniga របស់ Girona ចូលទីបានសម្រេចនៅនាទីទី៤១ក្នុងតង់ទី១។
ខ្សែប្រយុទ្ធ Vinicius Junior បានរកគ្រាប់បាល់ទី២ក្នុងការប្រកួតនេះ ដោយការស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Kylian Mbappe នៅនាទី៨៣។
មុនពេលការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យរបស់ Modric អតីតខ្សែបម្រើក្រុម Manchester United កីឡាករ Donny van de Beek ក៏មានឱកាសស៊ុតចំគោលដីផងដែរ ប៉ុន្តែអ្នកចាំទី Thibaut Courtois របស់ Real Madrid បានសង្គ្រោះបាល់យ៉ាងល្អ។
នៅក្នុងតង់ទីពីរ Lucas Vazquez ក៏មានឱកាសមួយដែរ ប៉ុន្តែក៏ត្រូវអ្នកចាំទី Gazzaniga លោតសង្គ្រោះបាល់បានធ្វើឲ្យបាល់ខ្ទាតចេញពីបង្គោលទី។ ចំណែក Danjuma បានខកខានឱកាសដ៏ធំមួយដែរដើម្បីរកគ្រាប់បាល់ឲ្យក្រុមភ្ញៀវ នៅពេលដែលគាត់ព្យាយាមស៊ុតនៅ នាទីទី៥៦ ប៉ុន្តែបាល់បានលោតខុសទី។
ក្នុងជំនួបនេះដែរសមាជិកក្រុម Real បានរីករាយក្នុងការស្វាគមន៍ខ្សែការពារ David Alaba ត្រលប់មកវិញ ខណៈដែលកីឡាករអូទ្រីសរូបនេះបានចាប់ផ្តើមការប្រកួតដំបូងរបស់គាត់ក្នុងរយៈពេល៤៣៤ថ្ងៃបន្ទាប់ពីការជាសះស្បើយពីរបួស។
ការប្រកួតបន្ទាប់សម្រាប់ក្រុម Real Madrid គឺការធ្វើដំណើរទៅកាន់ទីក្រុង San Sebastian នៅរាត្រីថ្ងៃពុធ នៅពេលដែលពួកគេជួបក្រុម Real Sociedad ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Copa del Rey។
ជ័យជម្នះរបស់ Real បានធ្វើឱ្យពួកគេឡើងដល់៥៤ពិន្ទុបន្ទាប់ពី២៥ប្រកួត ស្មើពិន្ទុជាមួយ Barcelona ដែលបានយកឈ្នះ Las Palmas ២-០ នៅក្រៅដីកាលពីថ្ងៃសៅរ៍ ប៉ុន្តែ Real បានចាញ់ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Barcelona។ ចំណែក Atletico Madrid ឈរនៅលេខ៣ មាន៥៣ពិន្ទុ បន្ទាប់ពីឈ្នះ ៣-០ នៅលើទឹកដីក្រុម Valencia កាលពីថ្ងៃសៅរ៍ ៕
(រូបភាព ៖ BBC/CNA)