រឿង គ្រួសារខ្ញុំក្នុងរបបវាលពិឃាត(តចប់)

ចែករំលែក៖

ខ្ញុំធ្លាប់ឃើញកងឈ្លបបណ្ដើរអ្នកទោសយកទៅសម្លាប់។ ជួនកាលខ្ញុំលួចដើរតាមមើលរហូតជិតដល់រណ្ដៅដែលពួកគេត្រូវប្រហារជីវិតអ្នកទោស។ ខ្ញុំពួនពីចម្ងាយលួចមើល តែមើលមិនសូវច្បាស់ទេ។ ខ្ញុំឮតែសំឡេងវាយមនុស្ស និងសំឡេងស្រែក ហើយក៏ស្ងាត់ឈឹងទៅវិញ។
ពួកខ្ញុំនៅក្មេងៗ ចេះតែលួចដើរទៅនេះទៅនោះ អ៊ីចឹងហើយបានជាខ្ញុំជួបទីកន្លែងសម្លាប់មនុស្សច្រើន។ ខ្ញុំបានឃើញរណ្តៅខ្លះគេមិនទាំងកាយដីកប់ខ្មោចផង។ ពេលដែលខ្ញុំឃើញសាកសពដែលគេវាយចោលលើកដំបូង ខ្ញុំភ័យខ្លាចខ្លាំងណាស់ ខ្ញុំតែងរត់សំដៅទៅផ្ទះវិញយ៉ាងលឿន។ តែក្រោយពេលដែលខ្ញុំជួបសាកសពញឹកញាប់ខ្ញុំលែងសូវមានការភ្ញាក់ផ្អើលឬភ័យខ្លាចដូចមុនទៀតហើយ។
ថ្ងៃមួយនោះខ្ញុំនឹងបងប្រុសសុវត្ថា បានប្រទះឃើញសាកសពមនុស្សមួយគ្រួសារមានគ្នាចំនួន ៧នាក់ត្រូវបានសម្លាប់រួចដុតរោលៗនៅក្រោមគុម្ពឫស្សីមួយ។ ពួកគេប្រហែលជាមានទោសធ្ងន់ហើយ ទើបត្រូវអង្គការសម្លាប់ចោលមួយគ្រួសារបែបនេះ។
* ចាប់ពីចុងឆ្នាំ ១៩៧៨ ÷
ចុងឆ្នាំ ១៩៧៨ និងដើមឆ្នាំ ១៩៧៩ ស្ថានការណ៍ចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងៗ។ ការសម្លាប់មនុស្សកាន់តែកើនឡើង។ នេះប្រហែលជាពួកខ្មែរក្រហមបានដឹងពីចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងកងទ័ពរំដោះរបស់វៀតណាមកំពុងមកវាយរំដោះនៅក្នុងប្រទេសកម្ពុជា។
រយៈចុងក្រោយនេះ អង្គការបានបញ្ជាឱ្យអ្នកភូមិរបស់ខ្ញុំដែលរស់នៅក្នុងសហករណ៍ស្ដុកខ្លានាំគ្នាជីករណ្តៅ ហើយអង្គការប្រាប់ថា ពេលជីករួចយើងនឹងធ្វើពិធីជប់លៀងឲ្យសប្បាយម្ដងនិងលែងហូបខ្វះខាតទៀតហើយ។ឮដូច្នេះយើងនាំគ្នាជីករណ្តៅដោយទឹកចិត្តសប្បាយរីករាយណាស់ទាំងមនុស្សចាស់ ទាំងក្មេង ខិតខំជីករណ្តៅយ៉ាងសស្រាក់ស្រាំ។យើងជីករណ្ដៅមិនទាន់រួចរាល់ផង ស្រាប់តែ ឮស្នូរគ្រាប់កាំភ្លើងនិងគ្រាប់ផ្លោងគ្រាំងៗហើយកម្មាភិបាលខ្មែរក្រហមស្រែកថាសូមពុកម៉ែបងប្អូនទាំងអស់ធ្វើដំណើរទៅកាន់សហករណ៍ស្រោង នៅទិសខាងជើង អង្គការយើងនាំបងប្អូនទៅកាន់តំបន់ផ្សេងទៀតដើម្បីគេចចេញពីទុក្ខភ័យ គេចពីពួកអាខ្មាំងយួនវាចូលមកដល់ហើយវានឹងអារកសម្លាប់ពួកយើង។
អ្នកភូមិរបស់ខ្ញុំបានពិភាក្សាគ្នាហើយសម្រេចចិត្តមិនធ្វើដំណើរតាមខ្មែរក្រហមទេ។ យើងនាំគ្នាត្រឡប់មកត្បូងវិញ រហូតដល់បឹងខ្នារ ឃុំត្រពាំងជង ស្រុកបាកាន ហើយបានជួបកងទ័ពរណសិរ្ស និងកងទ័ពវៀតណាម។
បន្ទាប់ពីថ្ងៃរំដោះគ្រួសារនិងអ្នកភូមិរបស់ខ្ញុំបានធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញដោយថ្មើរជើង។ យើងប្រើរយៈពេលជាង ២ ខែចេញពីស្រុកបាកាន ខេត្តពោធិ៍សាត់។ ដោយសារតែប្រជាជនម្នាក់ៗមានរូបរាងស្គមស្គាំងកម្លាំងក៏ថមថយហើយអ្នកខ្លះមានជំងឺ ដូច្នេះការធ្វើដំណើរមិនបានលឿននោះទេ។នៅតាមផ្លូវត្រឡប់មកស្រុកកំណើតវិញ យើងឃើញតែគេចាប់បានពួកខ្មែរក្រហមដែលគេចខ្លួន ហើយប្រជាពលរដ្ឋនាំយកមកកាត់ទោសឆៅៗ តាមតែកំហឹង។ យើងទទួលបានជំនួយជាស្បៀងអាហារពីកងទ័ពកម្ពុជាខ្លះ និងកងទ័ពវៀតណាមខ្លះ ដែលនៅការពារតាមដងផ្លូវ។
មកដល់ទីក្រុងភ្នំពេញមានផ្ទះថ្មជាច្រើនគ្មានមនុស្សរស់នៅទេ។អ្នកខ្លះជំនុំគ្នាថា យើងគួររស់នៅទីនេះឬយ៉ាងណា? ប្រជាជនភាគច្រើនខ្លះថា ទេ! យើងនឹកស្រុកកំណើតណាស់ ក៏នាំគ្នាធ្វើដំណើរទៅមុខ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១បន្តទៀត។មានសាច់ញាតិរបស់ខ្ញុំប៉ុន្មានគ្រួសារដែរដែលបានសម្រេចចិត្តស្នាក់នៅទីក្រុងភ្នំពេញ។
មកដល់ស្រុកកំណើតគឺផុតរដូវធ្វើស្រែទៅហើយ។ ពួកយើងត្រូវពឹងលើអង្ករសាលី និងគ្រាប់ពោតដែលជាអំណោយរបស់រដ្ឋាភិបាលចែកឲ្យ ប៉ុន្តែយើងហូបមិនគ្រប់គ្រាន់ទេ។ ជារៀងរាល់ថ្ងៃ យើងបានយកអង្ករសាលី និងគ្រាប់ពោតមួយកំប៉ុងមកដាំបបរលាយជាមួយបន្លែផ្សេងៗនិងគល់ចេកដើម្បីចម្អែតក្រពះ។ ពួកយើងហូបបែបនេះជាច្រើនខែ ទើបមានអង្ករដើម្បីហូបបានប្រសើរឡើងវិញខ្លះ។ ក្នុងពេលដែលអត់ឪពុករបស់ខ្ញុំ បាននាំកូនៗដើរជីកកណ្ដុរពន្លាត់ស្បែកកាត់កន្ទុយរបស់វាហាលឱ្យស្ងួតយកទៅដូរអង្ករពីប្រទេសវៀតណាម។
ប៉ុន្តែ ទោះបីស្ថិតក្នុងស្ថានភាពបែបនេះក្តី យើងទាំងអស់គ្នាយល់ថា វាប្រសើរណាស់ទៅហើយ។
* ៧ មករា ១៩៧៩ ថ្ងៃរស់ឡើងវិញ ÷
ប្រាំពីរមករាចិសិបប្រាំបួន រួចខ្លួនពីជ្រោះមរណា របបគោឃើញខ្មៅឫស្យា ហៅសែនមហាសោកនាដកម្ម។
វាយនឹងត្បូងចបគល់ឫស្សី ក្មេងចាស់ប្រុសស្រីចូរចងចាំ ខ្មែរស្លាប់រាប់លានជាងបីឆ្នាំ រងទារុណកម្មយ៉ាងខ្លោចផ្សា។
គ្មានបាយហុតតែទឹកបបរ ត្រដរប្រឹងរស់ព្រោះអង្គការ គ្មានសេរីភាព និងអាហារ ទេវតាលោកអើយជួយខ្ញុំផង។
គុណរណសិរ្សបានសង្គ្រោះ រួចរស់ជីវិតញាតិប្អូនបង ប្រជាមានសិទ្ធិផុតសៅហ្មង ទុក្ខភ័យកន្លងសូន្យបង់បាត់ ។
ប្រាំពីរមករាគឺជាថ្ងៃ ដ៏មានតម្លៃពុំអាចកាត់ មានជាតិសាសនាព្រះមហាក្សត្រ ស្ងប់ស្ងាត់សន្តិសេរីភាព ៕ (ចប់ដោយបរិបូរណ៍)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print