ភ្នំពេញ ៖ ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក និង ក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយអញ្ជើញ ដើម្បីជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ «បើមិនចូលមកលុបអាជ្ញាបណ្ណចោល»។
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានខ្លឹមសារថា សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.) ជាលើកចុងក្រោយ ដើម្បីចូលជួបពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។ កន្លងមក ក.ប.ទ. ធ្លាប់បានអញ្ជើញក្រុមហ៊ុនជាលាយលក្ខណ៍អក្សរចំនួនបីលើករួចមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបតាមការអញ្ជើញរបស់ ក.ប.ទ. ឡើយ។ ដូចនេះ ក.ប.ទ. សម្រេចទុករយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយត្រូវទំនាក់ទំនងមកក្រុមការងារ ក.ប.ទ. តាមរយៈលេខទូរសព្ទ ០១២ ៧១៣ ៧១៤។
ក្នុងករណី លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេច មិនបានទំនាក់ទំនងដើម្បីចូលជួបពិភាក្សាជាមួយក្រុមការងារ ក.ប.ទ. តាមកាលកំណត់ខាងលើ ដើម្បីផ្តល់សក្ខីកម្មអំពីវឌ្ឍនភាពដំណើរការអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យឱ្យបានច្បាស់លាស់ ក.ប.ទ. នឹងចាត់វិធានការលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ដោយឥតលក្ខខណ្ឌ៕
ដោយ ៖ សិលា
