ខេត្តសៀមរាប ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងពីសារសំខាន់នៃការវិនិយោគវិស័យអប់រំ ពោលគឺធនធានមនុស្សដែលនាំឱ្យកូនខ្មែរមានភាពម្ចាស់ការខ្លួនឯង។ សម្រាប់ប្រមុខរដ្ឋាភិបាល គ្រប់គ្នាសុទ្ធខ្លាចបាត់បង់ប្រទេស ប៉ុន្តែសម្តេចចង់ឱ្យការភ័យខ្លាចនោះទៅជាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ជាជាងការបាក់ទឹកចិត្ត និងមិនទុកចិត្តគ្នា។
សម្តេចធិបតី ថា ៖ «ខ្លាចបាត់ប្រទេស អត់មានអ្វីខុសទេ ខ្ញុំក៏ខ្លាចបាត់ដែរ»។ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ នាពិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យមួយនៅខេត្តសៀមរាប ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ដោយបន្ថែមថា សម្តេចមានកូន៣ ហើយនឹងបន្តមានកូនចៅ ចៅទួត ចៅលួត ដែលត្រូវរស់នៅក្នុងប្រទេសនេះ។
សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនមកហើយ ដូច្នេះសម្តេចមិនចង់ឃើញការភ័យខ្លាចចំពោះការបង់បាត់ប្រទេសទៅជាការបាក់ទឹកចិត្តនោះឡើយ តែផ្ទុយទៅវិញ បើកាន់តែខ្លាច ត្រូវកាន់តែខំសាងភាពជាម្ចាស់ការដោយខ្លួនឯង។
«កុំដេកតែភ័យខ្លាចពេក ត្រូវមានមោទនភាពខ្លួនឯងផង ! កូនខ្មែរមិនអន់ទេ ឱ្យតែផ្តល់ឱកាស»។ សម្តេចបានលើកទឹកចិត្តយ៉ាងដូច្នេះ ដោយអះអាងថា ការវិនិយោគវិស័យអប់រំ មិនមែនសម្រាប់តែរាជធានីភ្នំពេញនោះទេ ពោលគឺគ្រប់ទីកន្លែង ដោយកូនអ្នកសៀមរាបក៏មិនចាញ់អ្នកភ្នំពេញ ឬអ្នករៀននៅបារាំងឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់ថា រដ្ឋាភិបាលដឹងតែវិនិយោគ និងផ្តល់ឱកាសអាហារូបករណ៍ផ្សេងៗឱ្យកូនខ្មែរ បានរៀនសូត្រដើម្បីម្ចាស់ការដឹកនាំប្រទេសបន្តទៀត។ សម្តេចថា ការភ័យខ្លាចថា ១០ឆ្នាំ ២០ឆ្នាំ ឬ៥០ឆ្នាំទៀត កម្ពុជានឹងបាត់បង់ប្រទេស គឺមិនអាចទៅរួចនោះឡើយ ព្រោះកូនខ្មែរកាន់តែរឹងមាំ កាន់តែម្ចាស់ការ ជាក់ស្តែងក្នុងវិស័យឯកជន ឬរដ្ឋបាលសាធារណៈ កូនខ្មែរសុទ្ធតែមានសមត្ថភាពដឹកនាំ ដោយមិនចាំបាច់ត្រូវការជំនាញការបរទេសដូចមុនឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកឡើងវិញថា គ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរទេ បើខ្លាចបាត់ប្រទេសខ្មែរ ត្រូវខំទាំងអស់គ្នា ពង្រឹងខ្លួនឯង ពង្រឹងមូលដ្ឋាន ដោយការពារនូវអ្វីដែលកំពុងមាន ហើយបង្កើនសក្តានុពលបន្ថែមសម្រាប់កម្ពុជា។
នាយករដ្ឋមន្ត្រីបន្តថា ៖ កុំឱ្យការភ័យខ្លាចបាត់បង់ប្រទេសនេះ ក្លាយជាការបាក់ទឹកចិត្ត លែងទុកចិត្តខ្មែរគ្នាឯង តែផ្ទុយទៅវិញ ត្រូវប្រែក្លាយការភ័យខ្លាច ទៅជាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។
ករណីមួយទៀតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា BVLGARI
ដែលជាម៉ាកយីហោគ្រឿងអលង្ការល្បីលំដាប់ពិភពលោក បាននាំយកមកនូវគ្រឿងអលង្ការដែលមានតម្លៃសរុបប្រមាណ ១៥០លានដុល្លារ ដើម្បីបង្ហាញក្នុងកម្មវិធីរាត្រីសមោសរនៅមុខប្រាសាទបាយ័ន។ សម្តេចថា នោះដោយសារជឿជាក់លើសមត្ថភាព ស្ថិរភាព សន្តិសុខរបស់កម្ពុជា៕
ដោយ ៖ សិលា