អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ជាការឆ្លើយតបទៅនឹងករណីដែលប្រទេស កាណាដាបានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពរបស់ចិន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២៥ខែកុម្ភៈថា ទង្វើរបស់កាណាដាគឺមិនសមហេតុផល និងខុសឆ្គងយ៉ាងខ្លាំង ភាគីចិនបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសកាណាដារួចហើយ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ កាណាដាបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលបរទេសចំនួន ៧៦ ដែលផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ទាំងផ្នែកយោធានិងស៊ីវិលដល់ប្រទេសរុស្ស៊ី ក្នុងនោះបូករួមទាំងអង្គភាពរបស់ចិនជាង ២០ ផងដែរ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែរក្សានូវគោលជំហរសត្យានុម័ត និងយុត្តិធម៌លើបញ្ហាអ៊ុយក្រែន ហើយបានខិតខំជំរុញឱ្យមានដំណោះស្រាយតាមវិធីនយោបាយ។ ដូចជាប្រទេសដទៃផងដែរ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាធម្មតាជាមួយរុស្ស៊ី ដោយផ្អែកលើមូលដ្ឋាននៃសមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក វាជារឿងសមហេតុសមផល! ៕
ដោយ ៖ សិលា