ភ្នំពេញ ៖ មានប្រសាសន៍ចែករំលែកក្នុងវគ្គបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ជូនមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ពេញមួយព្រឹក លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចែករំលែកចំណេះដឹង និងបទពិសោធល្អៗជាច្រើន ចំនួន៦ ចំណុចជុំវិញប្រសិទ្ធភាពនៃការងារព័ត៌មាន និងសាធារណមតិ។
ជាការសង្ខេប ចំណុចទាំង៦ នោះរួមមាន៖ (១)តួនាទី និងភារកិច្ចរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលត្រូវផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋអំពីសកម្មភាព និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល បង្ហាញសក្តានុពលរបស់កម្ពុជា និងឆ្លើយតប ឬបកស្រាយជូនសាធារណៈជនឱ្យបានឆាប់រហ័ស។ (២)កិច្ចការងារបុរេសកម្ម៖ ការងារនេះត្រូវធ្វើយ៉ាងណាបង្កើតមាតិការឿងសម្រាប់ផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានលក្ខណៈខ្លី ខ្លឹម ច្បាស់លាស់ សាមញ្ញងាយយល់ ទៅតាមទម្រង់ជាអត្ថបទ ឬវីដេអូខ្លី។
(៣)អភិក្រមនៃការផ្តល់ព័ត៌មាន និងប្រតិកម្មឆ្លើយតប៖ ចំណុចនេះ លោក បានចែករំលែកការអនុវត្តទៅតាម ៤ទម្រង់ ២ជំហាន និង១គោលការណ៍ ធ្វើយ៉ាងណាត្រូវធ្វើឱ្យបានលឿន ជាពិសេសវិធីសាស្ត្រគន្លឹះក្នុងការតាក់តែងឯកសារផ្សព្វផ្សាយផ្លូវការនានា ដូចជាសេចក្តីប្រកាសព័ត៌មានជាដើម។
(៤)ចរិត និងជ្រុងនៃព័ត៌មាន៖ នៅទីនេះ លោក បានណែនាំថា យើងត្រូវស្គាល់និងកំណត់ឱ្យបានច្បាស់នូវលក្ខណៈព័ត៌មានដូចជា ការផ្តល់ព័ត៌មានដែលជៀសវាងដល់ការភាន់ច្រឡំ ការផ្តល់ព័ត៌មានតែមួយជ្រុង ការបំភ្លៃព័ត៌មាន ឬការបង្វែរព័ត៌មានជាដើម។ (៥) សេរីភាព និងព្រំដែននៃសេរីភាព៖ លោក បានណែនាំសិក្ខាកាមឱ្យចេះថ្លឹងថ្លែង និងមានការប្រុងប្រយ័ត្ន នូវរាល់ការផ្សាយ ឬចាប់យកខ្លឹមសារនានាមកផ្សព្វផ្សាយ។ ពិតណាស់គ្រប់គ្នាមានសេរីភាពផ្សព្វផ្សាយបាន តែត្រូវឱ្យប្រាកដថា សេរីភាពនៃការផ្សព្វផ្សាយត្រូវ អនុលោមក្បួនច្បាប់ នៃប្រទេសនីតិរដ្ឋ។
(៦)ផែនការ និងយុទ្ធសាស្រ្តនៃកិច្ចការព័ត៌មាននិងនាំពាក្យ ដោយត្រូវកំណត់យុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងបង្កើតតារាងផែនការសកម្មភាពប្រចាំឆ្នាំឱ្យបានត្រឹមត្រូវ។
គួរជម្រាបថាវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣រូប រួមមាន៖ (១)លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (២)លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និង (៣)លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ៖ សិលា