សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា២០២៤-២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា២០២៤-២០២៥​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

  សម្ដេចធិបតី ថ្លែង​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានលើការកែទម្រង់វិស័យអប់រំ ជាពិសេសការកែទម្រង់ការប្រឡងបាក់ឌុបនៅក្នុងប្រវិស័យអប់រំរបស់កម្ពុជា ធ្វើឱ្យការរៀន និងការបង្រៀននៅតាមសាលារៀនមានគុណភាព និងប្រសិទ្ធភាពខ្ពស់មកដល់បច្ចុប្បន្ន។

  សម្ដេចធិបតី ថ្លែងថា​ នៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណ យុទ្ធសាស្រ្ដទី១ របស់រាជរដ្ឋាភិបាលបានផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ជាកិច្ចការងារអាទិភាព ក្នុងការចូលរួមអភិវឌ្ឍសង្គម ជាតិកម្ពុជា។

  សម្ដេចធិបតី ប្រកាស​គាំទ្រដល់កម្មវិធីកំណែទម្រង់ ផ្ដោតលើអភិបាលកិច្ចអប់រំ និងការធ្វើកំណែទម្រង់តាមសាលារៀន ដែលជាការកែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្ដែងនិយម ដើម្បីកសាងមូលធនមនុស្សកម្ពុជាដែលមានសក្ដានុពលពេញលេញ។

  សម្ដេចធិបតី ថ្លែងថា​ ការពង្រឹងគុណភាពអប់រំគ្រប់កម្រិតរាជរដ្ឋាភិបាលបានធ្វើមកច្រើនតាំងពីអាណត្តិមុនៗមកហើយ និងបានធ្វើជាប្រចាំ។ ប៉ុន្ដែការពង្រឹងវិស័យអប់រំនេះគឺត្រូវបន្តខិតខំធ្វើជាប្រចាំជាពិសេសគ្រូបង្រៀនត្រូវផលិតកូនសិស្សដែលមានគុណភាព។

-សម្ដេចធិបតី ថ្លែងថា​ គ្រូបង្រៀនត្រូវប្រឹងប្រែងផលិតសិស្ស ដែលប្រកបដោយគុណភាព។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺពង្រឹងការអប់រំតាំងពីនៅថ្នាក់មូលដ្ឋានមក។

  សម្ដេចធិបតី ថ្លែងថា​ ត្រូវតែបន្តពង្រឹងលើវិស័យអប់រំនេះ ក្នុងនោះមានវិធានមួយសំខាន់ គឺការពង្រឹងការអបរំថ្នាក់មូលដ្ឋាន ដែលកិច្ចការងារនេះសម្ដេចធ្លាប់មានប្រសាសន៍តាំងពីមុនពេលបោះឆ្នោតអាណត្តិទី៧មកម្លេះ ពីព្រោះការអប់រំនេះ គឺត្រូវតែមានគ្រឹះរឹងមាំតាំងពីថ្នាក់មូលដ្ឋានមក។

  សម្ដេចធិបតី ថ្លែងថា​ នៅក្នុងសាលារៀននីមួយៗមានតួអង្គបីសំខាន់ គឺគណៈគ្រប់គ្រង, បុគ្គលិកអប់រំ និងគ្រូបង្រៀន។ ក្នុងនោះគ្រូបង្រៀនគឺសំខាន់ជាងគេ ជាពិសេសទី១ គឺនាយកសាលា គឺត្រូវដឹកនាំ សម្របសម្រួលឱ្យការងារនៅសាលារៀនបានដើរទៅមុខ ខណៈកន្លងទៅសម្ដេចបានណែនាំរួចហើយចំពោះការជ្រើសរើនាយកសាលារៀននេះ។

-សម្ដេចធិបតី ថ្លែងថា​ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលពង្រឹងការសិក្សាអប់រំនៅថ្នាក់មូលដ្ឋានក្នុងកម្រិតបឋមសិក្សា គឺផ្ដោតលើកិច្ចការសំខាន់ ៣ ក្នុងនោះមានដូចជាពង្រឹងអភិបាលកិច្ច និងការងារដឹកនាំបង្រៀន, ពង្រឹងកម្មវិធីសិក្សា និងទី៣ ការចូលរួមពីសហគមន៍ជាដើម។

  សម្ដេចធិបតី ថ្លែងថា​ ការជ្រើសរើសតែងតាំង គឺត្រូវកំណត់ឱ្យបានច្បាស់លាស់ និងមានសមត្ថភាពក្នុងការដឹកនាំ ជាពិសេសអ្នកដឹកនាំសាលារៀន និងនាយកសាលារៀននេះតែម្ដង ពីព្រោះធនធានមនុស្សដឹកនាំនេះគឺសំខាន់ណាស់ បើការដឹកនាំគ្មានប្រសិទ្ធភាពស្ថាប័នមិនអាចដើរទៅមុខបានទេ។

  សម្ដេចធិបតី ថ្លែងថា​ ការប្រឡងជ្រើសរើសគ្រូបង្រៀន ក្នុងការដឹកនាំរបស់សម្ដេចរយៈពេលជាងមួយឆ្នាំមកនេះ គឺមិនដែលផ្អាកទេ រាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាពជានិច្ច។

-សម្ដេចធិបតី ថ្លែងថា​ មន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី/ខេត្តមាននាទីជាអ្នកជ្រើសរើសគ្រូបង្រៀនកម្រិតមត្តេយ្យ និងកម្រិតបឋមសិក្សា និងត្រូវគោរពតាមនិយាមរបស់មន្ទីរអប់រំ។ 

-សម្ដេចធិបតី​ ថ្លែងថា​ ការជ្រើសរើសគ្រូត្រូវធ្វើឱ្យសុក្រឹតត្រឹមត្រូវ ដើម្បីទទួលបានគ្រូដែលប្រកបដោយគុណភាព។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា គ្រូដែលអត់គុណភាព គឺជាការខាតបង់ធំមួយដល់ជាតិ។

  សម្ដេចធិបតី ថ្លែង​ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំឱ្យផ្ដល់កិច្ចសន្យាដល់គ្រូកិច្ចសន្យា ដំឡើងពីរយៈពេល១ឆ្នាំ ទៅដល់រយៈពេលពីរឆ្នាំ ដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន។

  សម្ដេចធិបតី ថ្លែង​ដាក់ចេញបទបញ្ជាដល់ក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ គិតគូរឡើងវិញចំពោះរយៈពេលនៃការបង្រៀនរបស់គ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីផ្ដល់ឱកាសដល់គ្រូបង្រៀនស្ម័គ្រចិត្តនៅមូលដ្ឋានឱ្យបានចូលគ្រូក្របខណ្ឌ ដោយពិនិត្យមើលផ្ទាល់ទៅលើគុណវុឌ្ឍិរបស់គ្រូបង្រៀន ដោយមិនត្រូវទុករយៈពេលបង្រៀនស្ម័គ្រចិត្តយូរឆ្នាំពេកនោះទេ។

  សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ពលរដ្ឋកុំយល់ច្រឡំនៅពេលដែលផ្ដល់ប្រាក់ខែបន្ថែមដល់គ្រូបង្រៀនដែលចូលនិវត្តន៍ ពីព្រោះនេះគឺជាការខិតខំរបស់គ្រូដែលចូលនិវត្តន៍ហើយបានបន្តមកខិតខំជួយបង្រៀនសិស្សទោះបីជាចូលនិវត្តន៍ក៏ដោយ។

-សម្ដេចធិបតី បានថ្លែង​ស្នើឱ្យពិនិត្យឱ្យបានច្បាស់លាស់ចំពោះករណីការផ្ទេរគ្រូចេញពីសាលានីមួយៗ ដោយនាយកសាលាត្រូវធ្វើយ៉ាងណាបញ្ចៀសមិនឱ្យមានករណីខ្វះគ្រូនៅសាលានោះឡើយ។

  សម្ដេចធិបតី បានសម្ដែងការកោតសរសើរដល់គ្រូបង្រៀនដែលស្ម័គ្រចិត្តបង្រៀនបន្ថែមម៉ោងដល់សិស្សនៅតាមសាលារៀន ខណៈការបង្រៀនបន្ថែមម៉ោងនេះរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងកំពុងផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្ដល់ការអប់រំឱ្យបានច្រើនដល់សិស្សនៅតាមមូលដ្ឋាន។

-សម្ដេចធិបតី ថ្លែង​ស្នើឱ្យពិនិត្យឱ្យបានហ្មត់ចត់ចំពោះការលក់ ភេសជ្ជផ្អែមនៅតាមសាលា ដោយសារបច្ចុប្បន្នមានក្មេងៗជាច្រើនកើតជំងឺទឹកនោមផ្អែម។

  សម្ដេចធិបតី ថ្លែង​គាំទ្រចំពោះការបង្រៀនបន្ថែមម៉ោងសម្រាប់សាលារៀនបឋមសិក្សានៅទូទាំងប្រទេស ខណៈនៅទូទាំងប្រទេស​មានសាលាបឋមសិក្សាប្រមាណជាង ៨ ពាន់សាលារៀន ត្រូវចំណាយប្រមាណ ៣០ លានដុល្លារក្នុងមួយឆ្នាំលើការបង្រៀនបន្ថែមម៉ោង។

-សម្ដេចធិបតី ថ្លែងថា​ ឆ្នាំ២០២៥ រដ្ឋាភិបាលត្រូវចំណាយថវិកាដើម្បីសាងសង់ផ្លូវប្រវែង ៩០០ គីឡូម៉ែត្រ។

  សម្ដេចធិបតី ថ្លែង​លើកទឹកចិត្តដល់ក្រសួងអប់រំ បន្តពង្រឹងវិស័យអប់រំគ្រប់កម្រិត ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពគាំទ្រដល់វិស័យអប់រំដើម្បីឱ្យមូលធនមនុស្សកម្ពុជា មានសមត្ថភាព មានគុណវុឌ្ឍិ ក្នុងការជួយដល់ប្រទេសជាតិ។

  សម្ដេចធិបតី ថ្លែង​ផ្ដល់គោលការណ៍ឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើបដើម្បីបញ្ចប់ស្ដង់ដាពីរនៅក្នុងវិស័យអប់រំរបស់រដ្ឋ និងដើម្បីកុំឱ្យបាត់ម្ចាស់ការលើការអប់រំរបស់កម្ពុជា។

-សម្ដេចធិបតី ថ្លែងថា​ នៅក្នុងការសរសេរគោលនយោបាយ, ក្រសួង ស្ថាប័ននានាត្រូវរៀបចំឱ្យសាមញ្ញ និងចំគោលដៅ ជៀសវាងសរសេរច្រើនរយទំព័រ តែការអនុវត្តបានតែ ២ ឬ ៣ ចំណុចដែលសំខាន់។

...

-សម្ដេចធិបតី ថ្លែងថា​ នៅក្នុងការសរសេរគោលនយោបាយ, ក្រសួង ស្ថាប័ននានាត្រូវរៀបចំឱ្យសាមញ្ញ និងចំគោលដៅ ជៀសវាងសរសេរច្រើនរយទំព័រ តែការអនុវត្តបានតែ ២ ឬ ៣ ចំណុចដែលសំខាន់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print