“ការងារទំនាក់ទំនងសាធារណៈ គ្មានក្លិន គ្មានពណ៌ គ្មានរសជាតិ មើលមិនឃើញ តែមានសារៈសំខាន់ និងមានឥទ្ធិពល”

ចែករំលែក៖

ភ្នំពេញ ៖ “ការងារទំនាក់ទំនងសាធារណៈ គ្មានក្លិន គ្មានពណ៌ គ្មានរសជាតិ មើលមិនឃើញ តែមានសារៈសំខាន់ និងមានឥទ្ធិពល” លោកបណ្ឌិត សោម រតនា ចែករំលែកបទពិសោធនៃអាជីពទំនាក់ទំនងសាធារណៈ ជូនមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ។

ក្នុងបទបង្ហាញទី២ ក្នុងវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ

លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាវាគ្មិនកិត្តិយស ដើម្បីធ្វើបទបង្ហាញលើប្រធានបទស្តីពី«គន្លឹះសំខាន់ៗ លើការងារនិងវិជ្ជាជីវៈទំនាក់ទំនងសាធារណៈ»។

លោកបណ្ឌិត លើកឡើងថា ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រង និងកសាងរូបភាពជាវិជ្ជមានរបស់បុគ្គល ឬស្ថាប័នណាមួយ ជាមួយសាធារណជន ដោយប្រើប្រាស់ទំនាក់ទំនង ជាមូលដ្ឋាន។ លោកបណ្ឌិតបានបន្ថែមថា អ្នកផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈ ត្រូវធ្វើការស្រាវជ្រាវ និងវិភាគទៅលើកំណត់ក្រុមគោលដៅ និងធ្វើការស្រាវជ្រាវអំពីទស្សនៈ និងការយល់ឃើញរបស់ពួកគេ ពីយើង ព្រមទាំងវិភាគកត្តាផ្សេងៗ ដែលអាចនឹងមានឥទ្ធិពលលើការយល់ឃើញបែបនោះ និងដែលអាចមានឥទ្ធិពលលើការកំណត់យុទ្ធសាស្រ្តសម្រាប់យុទ្ធនាការរបស់យើង។

លើសពីការងាររៀបចំខ្លឹមសារ លោកបណ្ឌិត បានបញ្ជាក់ថា អ្នកផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ត្រូវមានវិធីសាស្រ្ត៖ (១) ក្តាប់បញ្ហាឱ្យជាប់ និងយល់ស្នូលនៃបញ្ហា (២) ប្រមូលព័ត៌មាន តាមដែលអាចធ្វើទៅបាន (៣) លើកលែងតែកាលៈទេសៈតម្រូវ កុំឆាប់បញ្ចេញសារតប (៤) ត្រៀម ប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយ ដែលត្រឹមត្រូវនឹងទំហំបញ្ហា (៥) បន្តក្តាប់យកប្រតិកម្មតប ទៅនឹងសារដែលបានបញ្ចេញ។

ជាសារក្នុងបទបង្ហាញនេះ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរថា “ទំនាក់ទំនងសាធារណៈ គ្មានក្លិន គ្មានពណ៌ គ្មានរសជាតិ មើលមិនឃើញ តែមានសារៈសំខាន់ និងមានឥទ្ធិពល។ ឥទ្ធិពលទាំងនោះ នឹងអាចផ្តល់ផលជះល្អផង និងបង្កហានិភ័យផង។”

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print