ភ្នំពេញ៖ លោកឧកញ៉ា អឹុម ភាន់សុផល អតីតអភិបាលរងខេត្តបន្ទាយមាន ជ័យដែលជាប់ពាក់ព័ន្ធទៅនឹងការចេញសែកអត់សាច់ប្រាក់ចំនួន៣០មឺុនដុល្លារឲ្យទៅ ដើមបណ្តឹងឈ្មោះ លី ហាក់ ត្រូវបានសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញហើយ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីតំណាងអយ្យការបានយកផ្ញើនឹង ខាងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញអស់មួយយប់។
អតីតអភិបាលរងរូបនេះបានយល់ព្រមសងទៅលើទឹកប្រាក់ដែលជំពាក់ឈ្មោះ លី ហាក់ គ្រប់ចំនួនទើបតំណាងអយ្យការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
គួររំលឹកថា ឧកញ៉ា អឹុម ភាន់សុផល បានខ្ចីប្រាក់លោក លី ហាក់ ដែលជាមិត្តស្និទ្ធស្នាល នឹងគ្នាចំនួន៣០មឺុនដុល្លារ ហើយពេលសងមកវិញបែរចេញសែកអត់សាច់ប្រាក់ ទើប លោក លី ហាក់ បានប្តឹងទៅអយ្យការ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ពេលនោះ គាត់មិនព្រមចូលខ្លួនតាមការកោះហៅរបស់អយ្យការលើកទី១ តែលើកទី២ចូលខ្លួន កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ តំណាងអយ្យការធ្វើការសាកសួរមិនទាន់ ចប់ក៏បានផ្ញើនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអស់មួយយប់ផងដែរ ហើយ ក៏ត្រូវឲ្យត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃនេះបន្ទាប់ពីទទួលខុសត្រូវលើសំណងទាំងនោះ៕
សុខ ខេមរា