ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា កម្ពុជា ត្រូវបានបណ្ដាប្រទេសលើសកលលោកទទួលស្គាល់ថាជាប្រទេសគម្រូ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សេរីភាពជំនឿសាសនាពលរដ្ឋទូទៅ រួមទាំងសាសនិកឥស្លាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពេលអញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ ឥស្លាម និងពុទ្ធសាសនា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ៖ ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ប៉ុន្ដែប្រទេសកម្ពុជា បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបអាចជ្រើសរើស និងប្រតិបត្តិសាសនាផ្សេងៗទៀត តាមការស្រលាញ់ ពេញចិត្តរបស់ខ្លួនដោយមិនមានការហាមឃាត់ ឬបិទសិទ្ធិឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី លើកឡើងថា ៖ គ្មានសាសនាណាមួយដែលបង្រៀនសាសនិករបស់ខ្លួន ឱ្យបង្រៀនអ្នកប្រតិបត្តិ ឬសាសនិកឱ្យប្រព្រឹត្តិអំពើបាបនោះទេ។ គ្រប់សាសនាទាំងអស់គឺសុទ្ធតែបង្រៀនឱ្យសាសនិករបស់ខ្លួនឱ្យប្រតិបត្តិល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើន និង ប្រកបដោយសុខដុមរមនា រួមទាំងបើកសិទ្ធិសេរីភាពជាច្រើនទៀតផងដែរ ៕
ដោយ ៖ សិលា