សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងពីការបន្តធានាសុខដុមនីយកម្មសាសនានៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងពីការបន្តធានារបស់រាជរដ្ឋាភិបាលចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា បើទោះបីជារដ្ឋបានកំណត់ពុទ្ធសាសនា ជាសាសនារបស់ជាតិក៏ដោយ តែកម្ពុជាបើកទូលាយគ្រប់ជំនឿសាសនាផ្សេងទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែកម្ពុជាពិតជាមានមោទនភាពក្រៃលែងដែលសម្ព័ន្ធអង្គការពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលឥស្លាម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី បានគូសរំលេចពីកិច្ចខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលសម្ដេចតេជោ បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់អាណត្តិរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គឺតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហើយសម្ដេច បានប្រកាសបន្ថែមថា «ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្តអនុវត្តគោលនយោបាយនេះ ព្រោះនេះជាការធានាភាពសុខសាន្ត និងសុខដុមរមនា របស់សង្គមជាតិយើងទាំងមូល»
សម្រាប់ប្រធានបទក្នុងកិច្ចប្រជុំនៅកម្ពុជាពេលនេះ គឺ«ឥស្លាម និងពុទ្ធសាសនា» សម្ដេចធិបតី បានលើកឡើងថា ពិតជាជម្រើសដ៏សាកសមបំផុត ព្រោះកម្ពុជា ត្រូវបានបណ្ដារដ្ឋជាសមាជិកសម្ព័ន្ធអង្គការពិភពឥស្លាម ក៏ដូចជាប្រទេសជាច្រើននៅលើពិពភលោក បានទទួលស្គាល់កម្ពុជា ជាប្រទេសគំរូដែលបានបញ្ចប់សង្គ្រាមរៃរ៉ាំទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ ហើយពិសេសគឺកម្ពុជាបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទាំង បូករួមទាំងសាសនិកឥស្លាមផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើសុខដុមនីយកម្មនាសាសនា គឺជា ឌីអ៊ិនអេរបស់គណបក្សប្រជាជនកម្ពុជា ហើយកម្ពុជាតែងតែលើកកម្ពស់អន្តរសាសនា និងលើកកម្ពស់ សិទ្ធិសេរីភាពដល់បងប្អូនក្នុងការគោរពនូវសាសនាទាំងអស់ ខណៈកម្ពុជាចាត់ទុកថា សាសនាណា ក៏បានណែនាំឲ្យមនុស្សធ្វើនូវសេចក្តីល្អទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានសាសនាណាមួយបង្រៀនសាសនិករបស់ខ្លួនឱ្យប្រព្រឹត្តអំពើបាបនោះទេ ពោលគឺសាសនាទាំងអស់សុទ្ធតែបានតម្រង់ទិសសាសនិករបស់គេឱ្យប្រព្រឹត្តអំពើល្អ ប្រកបដោយសីលធម៌ មេត្តាធម៌ គុណធម៌ និងភាពស្មោះត្រង់ជាដើម។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា កម្ពុជាត្រូវបានបណ្តាប្រទេសមួយចំនួននៅលើសកលលោកទទួលស្គាល់ថា ជាប្រទេសគម្រូ ដោយបានបញ្ចប់សង្រ្គាមទាំងស្រុង ហើយទទួលបាននូវសុខសន្តិភាពពេញលេញ ថែមទាំងបានលើកកម្ពស់សេរីភាពជំនឿសាសនាដល់ពល រដ្ឋទូទៅដោយគ្មានការរិតត្បិត រួមទាំងបងប្អូនសាសនិកឥស្លាមផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print