ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ថ្លែងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ប៉ុន្ដែប្រទេសកម្ពុជា បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបអាចជ្រើសរើស និងប្រតិបត្តិសាសនាផ្សេងៗទៀត តាមការស្រលាញ់ពេញចិត្តរបស់ខ្លួនដោយមិនមានការហាមឃាត់ ឬបិទសិទ្ធិឡើយ។
-សម្ដេចធិបតី ថ្លែងថា គ្មានសាសនាណាមួយដែលបង្រៀនសាសនិករបស់ខ្លួន ឱ្យបង្រៀនអ្នកប្រតិបត្តិ ឬសាសនិកឱ្យប្រព្រឹត្តិអំពើបាបនោះទេ។ គ្រប់សាសនាទាំងអស់គឺសុទ្ធតែបង្រៀនឱ្យសាសនិករបស់ខ្លួនឱ្យប្រតិបត្តិល្អ។
-សម្តេចធិបតី ថ្លែងរំលឹកថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើន និង ប្រកបដោយសុខដុមរមនា រួមទាំងបើកសិទ្ធិសេរីភាពជាច្រើនទៀតផងដែរ។
-សម្ដេចធិបតី ថ្លែងថា ចង់ឃើញការចូលរួមនៅក្នុងកិច្ចការងារសង្គមនានា ដោយមានការចូលរួមពីអន្តរសាសនា ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា ក្រុមជ្រុលនិយមមួយចំនួនបានបដិសេធអំពីការសម្លាប់រង្គាល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានឈានទៅបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួល ស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលឥស្លាម ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដោយអង្គការសម្ព័ន្ធពិភពឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា»។ អង្គការសម្ព័ន្ធពិភពឥស្លាម បង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ ហ្វៃសល អាល់សាអូឌីត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមសេចក្តីសម្រេច របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC)។ អង្គការនេះ មានទីស្នាក់ការនៅទីក្រុងម៉ាកាស់ (Makkah ប្រទេសអារ៉ាប៊ីសាអូឌីត។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងពង្រីកទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការឥស្លាម និងមនុស្សធម៌នៅទូទាំងសកលលោក៕ដោយ៖តារា