ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហជីព ACV-CSC Metea ប្រទេសប៊ែលហ្សិក និងថ្នាក់ដឹកនាំនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) ដែលដឹកនាំគណៈប្រតិភូដោយលោកស្រី DIELEN Llse Elisabeth C ប្រធានប្រតិបត្តិនៃសហជីព ACV-CSC Metea និងលោក គង់ អាទិត្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃសហជីព ACV-CSC Metea និងជាប្រធានសហជីពC.CAWDU។
តាមរយៈជំនួបធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ដោយសហជីព ACV-CSC Metea ប្រទេសប៊ែលហ្សិក ដែលជាដៃគូរបស់ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) បានបញ្ជាក់ពីគោលបំណងសិក្សាស្វែងយល់អំពីវិស័យការងារនៅកម្ពុជា សមទ្ធិផលសំខាន់ៗដែលក្រសួងការងារបានអនុវត្តកន្លងមក និងការស្នើសុំធ្វើទស្សនកិច្ចនៅវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ៖តារា