ភ្នំពេញ ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ២៧ កុម្ភៈនេះ បានប្រកាសបញ្ជាក់បន្ថែម គឺរាជរដ្ឋាភិបាល មិនបានប្រកាសឱ្យបញ្ឈប់«សាលាជំនាន់ថ្មីទេ» គឺបញ្ឈប់តែ«មជ្ឈមណ្ឌលសិក្សាទំនើប»មួយប៉ុណ្ណោះ។ការបិទនេះ ដោយសម្តេចពន្យល់ថា វានឹងបង្កើតជាបញ្ហាកាន់តែច្រើននៅពេលខាងមុន ហើយជាពិសេស បង្កើតនូវស្តងដារ២នៅក្នុងសាលាតែមួយ។
ថ្លែងមុនបិទសន្និបាតក្រសួងទេសចរណ៍ នៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា សាលាជំនាន់ថ្មីមិនមានបិទ ឬ លុបចោលនោះទេ គឺមានតែបង្កើនចំនួនសាលាបន្ថែម ហើយសាលាជំនាន់ថ្មីជាសាលារបស់រដ្ឋ ចំណាយថវិកាដោយរដ្ឋ។ អ្វីដែលត្រូវបញ្ឈប់គឺ «មជ្ឈមណ្ឌលសិក្សាទំនើប»ដែលជាវិនិយោគរបស់វិស័យឯកជនជាមួយសាលារៀនរបស់រដ្ឋនាពេលកន្លងមក។
បើតាមសម្តេច ហ៊ុន ម៉ាណែត បានពន្យល់ថា ការសម្រេចបិទនេះ គឺម្ដាយឪពុក អាណាព្យាបាលរបស់សិស្សដែលរៀននៅសាលាជំនាន់ថ្មី គឺលែងតម្រូវឱ្យបង់ថ្លៃសិក្សាដូចមុនទៀតឡើយ តែពួកគាត់អាចបង់វិភាគទានដោយស្ម័គ្រចិត្តលើការងារណាមួយ តាមការសម្រេចរបស់ឪពុក ម្ដាយ ឬ អាណាព្យាបាលរបស់សិស្សទាំងនោះបាន។
សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រសិនបើអនុញ្ញាតិឱ្យនៅបន្ត«មជ្ឈមណ្ឌលសិក្សាទំនើប»ក្នុងសាលារៀនរបស់រដ្ឋ វានឹងរីកកាន់តែធំ ហើយបង្កើតនូវស្តងដារ២នៅក្នុងសាលាតែមួយ ហើយប្រើប្រាស់ធនធានរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋវិនិយោគ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងដូចនេះថា«ម្សិលមិញខ្ញុំបានប្រកាសពីការផ្អាកឈប់ឱ្យមានការរៀបចំបន្ថែម នូវមជ្ឈមណ្ឌលសិក្សាទំនើប ដែលរៀបចំនៅថ្នាក់បឋម និងថ្នាក់អនុវិទ្យាល័យ ហើយមានការយល់ច្រឡំមួយចំនួនថានេះជាសាលាជំនាន់ថ្មី, ខ្ញុំសូមបញ្ជាក់ថា សាលា ២នេះខុសគ្នា សាលាជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើប ចំពោះសាលាជំនាន់ថ្មី គឺកំពុងមានការដំណើរចំនួន ១៣ ហើយយើងគ្រោងរៀបចំបន្ថែមទៀត យើងគ្មានគម្រោងបិទសាលាជំនាន់ថ្មីនោះទេ ប៉ុន្តែយើងនឹងពិនិត្យលទ្ធភាពដើម្បីពង្រីកបន្ថែមទៀត ព្រោះសាលាជំនាន់ថ្មី ជាសាលាដើម្បីបង្កើនលទ្ធភាព សមត្ថភាព ជូនប្រជាពលរដ្ឋ ក្នុងការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងអប់រំ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា អត់មានការលុប និងការបិទសាលាជំនាន់ថ្មីនោះទេ យើងនៅតែបន្តគាំទ្រ ហើយសាលាជំនាន់ថ្មីនេះគឺរដ្ឋជាអ្នកគ្រប់គ្រងតែមួយគត់ ទាំងនាយក ទាំងអ្នកគ្រប់ និងទាំងកម្មវិធីសិក្សាផ្សេងៗគឺជារបស់រដ្ឋ, សាលានេះអនុវត្តស្តង់ដារបង្រៀនតែមួយសម្រាប់សិស្សទាំងអស់ ហើយអ្វីដែលបញ្ឈប់ចំពោះសាលាជំនាន់ថ្មី គឺលែងឱ្យអាណាព្យាបាល បង់លុយ ទៅកាន់សាលាជំនាន់ថ្មីនេះហើយ ដោយរដ្ឋជាអ្នកទទួលរ៉ាប់រង។
ដោយឡែកពាក់ព័ន្ធនឹងការបញ្ឈប់សម្រាប់មជ្ឈមណ្ឌលសិក្សាទំនើប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា «សាលាមជ្ឈមណ្ឌលសិក្សាទំនើបនេះ គឺស្រដៀងសាលាជំនាន់ថ្មី ប៉ុន្តែជារូបមន្ត ពាក់កណ្តាល រដ្ឋ និងពាក់កណ្តាលឯកជន (BOT) របស់ឯកជន វិនិយោគរយៈពេល ១៥ឆ្នាំ នៅក្នុងសាលារដ្ឋ មានន័យថា សាលាមួយនេះពេលដែលចុះអនុស្សរណយោគយល់គ្នា (MoU) គឺផ្តល់អគារ ទៅឱ្យក្រុមហ៊ុនឯកជន អគាររបស់រដ្ឋ នៅសាលារដ្ឋ ដើម្បីអនុវត្តនៅគម្រោងដូចសាលាឯកជនដែរ ដោយយកកម្មវិធីជាតិ បូកជាមួយកម្មវិធីបន្ថែម ប៉ុន្តែគ្រប់គ្រងដោយឯកជន»៕
ដោយ ៖ សិលា