ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Shavkat Khamraev រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដោយផ្តោតជាសំខាន់លើការប្រែប្រួលអាកាសធាតុ និងតម្រូវការប្រើប្រាស់ទឹកដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ សំដៅធានាឱ្យមានការប្រើប្រាស់ទឹកប្រកបដោយចីរភាព និងប្រសិទ្ធភាពសម្រាប់សុខុមាលភាព និងភាពរុងរឿងរបស់ប្រជាជន។
ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោករដ្ឋមន្ត្រីក្រសួងធនធានទឹកនៃប្រទេសអ៊ូសបេគីស្ថាន ព្រមទាំងគណៈប្រតិភូ និងបានមានប្រសាសន៍លើកឡើងថា ប្រទេសអ៊ូសបេគីស្ថានមានបទពិសោធន៍ច្រើននៅក្នុងការគ្រប់គ្រងធនធានទឹក និងការប្រែប្រួលអាកាសធាតុ ហើយអាចចែករំលែកចំណេះដឹងទាំងនេះមកប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យា និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ហើយថែមទាំងអាចជួយដោះស្រាយនូវបញ្ហាការប្រែប្រួលអាកាសធាតុនិងការប្រើប្រាស់ទឹក ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនេះដែរ លោក Shavkat Khamraev បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ូសបេគីស្ថាន និងកម្ពុជា ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលសម្រាប់ផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕
ដោយ ៖ សិលា