ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីម្សិលមិញនេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត បានដាក់ចេញទិសដៅចំនួន ៦ចំណុចធំៗ ដល់អនុគណៈកម្មការទាំង៦ យកទៅអនុវត្តបន្ត ដើម្បីពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត បានដាក់ចេញបទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងពិនិត្យវឌ្ឍនភាព ការអនុវត្តស្មារតីលិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការរៀបចំតំបន់អន្ទង់អាំង(ភ្នំ១៥០០) ឱ្យក្លាយជាតំបន់បៃតងឡើងវិញ៕
ដោយ៖តារា